អាមេរិកជម្លៀសប្រជាជនពីតំបន់គ្រោះថ្នាក់ បន្ទាប់ពីព្យុះ Nicole កំពុងជិតមកដល់ក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង

បរទេស៖ អាជ្ញាធររដ្ឋផ្លរីដា(Florida)នៃសហរដ្ឋអាមេរិកបានចេញសេចក្ដីព្រមានដល់ប្រជាជនឱ្យជម្លៀសចេញពីតំបន់រងគ្រោះមួយចំនួន បន្ទាប់ពីព្យុះត្រូពិច នីកូល(Nicole) កាន់តែខ្លាំងទៅព្យុះសង្ឃរាប្រភេទទី១ នៅពេលវាឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានព្រមានប្រជាជននៅឆ្នេរសមុទ្រភាគខាងកើត ឱ្យជម្លៀសខ្លួនចេញជាបន្ទាន់ បន្ទាប់ពីមានព្យុះត្រូពិច នីកូល(Nicole) ដោយថ្មីៗនេះបានវាយប្រហារដល់កោះបាហាម៉ាស ហើយវាកំពុងតែកើនឡើងដល់ខ្យល់ព្យុះប្រភេទទី១ ខណៈដែលវាត្រៀមនឹងឆ្ពោះមកបោកបក់នៅក្នុងរដ្ឋ ផ្លរីដា (Florida) ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ទន្ទឹមនឹងនេះសាលារាប់សិបខ្នងត្រូវបានបញ្ជាឱ្យបិទការបង្រៀន លើសពីនេះអាជ្ញាធរបានបញ្ជាឱ្យបិទអាកាសយានដ្ឋានជាបណ្ដោះអាសន្ន និងបានបញ្ជាឲ្យជម្លៀស មនុស្សបន្ថែមទៀត។ ដោយសារតែឥទ្ធិពលនៃព្យុះនេះត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានទឹកជំនន់ភ្លាមៗអាចកើតមានឡើងនៅក្នុងតំបន់ Palm Beach, Martin, St. Lucie និង Indian River ក៏ដូចជា Brevard និង Volucia ជាដើម។យ៉ាងណាមិញមជ្ឈមណ្ឌលខ្យល់ព្យុះជាតិអាមេរិករាយការណ៍ថាព្យុះសង្ឃរា នីកូល(Nicole) បានផ្លាស់ទីដោយល្បឿនខ្យល់ប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាមានចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រពីភាគខាងកើតនៃឆ្នេរសមុទ្រ West Palm Beach ដែលត្រូវបានគេរំពឹងថានឹងបណ្តាលឱ្យកើតមានព្យុះកំបុតត្បូងក្នុងទ្រង់ទ្រាយធំ និងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង មុនពេលវាបោកបក់ឆ្ពោះទៅរដ្ឋ Georgia និង North Carolina និង South Carolina នៅចុងសប្តាហ៍នេះបន្ទាប់៕ ប្រភព៖ Thairath សម្រួលដោយ ទៀង បុណ្ណរី​​​​​

អត្ថបទដែលជាប់ទាក់ទង