អ្នកនេសាទជាច្រើនទាំងក្នុងខេត្ត និងមកពីខេត្តផ្សេងកំពុងតែបន្តល្មើសនេសាទក្នុងភូមិសាស្រ្តខេត្តកំពងធំ ដោយមិនមានមន្រ្តីណាតាមទាន់ឡើយ

កំពង់ធំ៖ បទល្មើសនេសាទដាក់ស្បៃមុង និងសាច់អួនក្រឡាញឹក លាតសន្ទឹងរាប់រយម៉ែត្រ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ភាគច្រើន គឺជាអ្នកនេសាទមកពីខេត្តជាប់គ្នា ដែលត្រូវបានឈ្មួញធំៗទាំងខ្មែរនិងវៀតណាមទិញត្រី ជាច្រើននាក់ ជួយជ្រោមជ្រែង និងរត់ការជាមួយមន្រ្តីជំនាញ។ អ្នកនេសាទមួយរូបសុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្ថិតក្នុងស្រុកជីវក្រែង ខេត្តសៀមរាប ប្រាប់អង្គភាពសារព័ត៌មានធីអិនអឹម កាលពីថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២២ ឲ្យដឹងថា តំបន់តំបន់ពងចាមក្រៅ និងពងចាមក្នុង ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ អ្នកនេសាទភាគច្រើនមកពីខេត្តសៀមរាប និងបាននិយាយគ្នាផ្ទាល់មាត់ជាមួយឈ្មួញទិញត្រី ឈ្មោះ “ចែ ទន” ទិញត្រីនុយ ៦០០រៀល ក្នុងមួយគីឡូក្រាម ត្រីមូល ឆ្ពិន និងត្រីល្អផ្សេងទៀត តម្លៃ៥០០០រៀលក្នុងមួយគីឡូក្រាម។ កិច្ចសន្យាចរចារក្នុងតម្លៃទាបនេះ ដោយសារឈ្មួញត្រីបានជួយសម្រួល និងរត់ការជាមួយមន្រ្តីជំនាញ និងសមត្ថកិច្ចផ្សេងទៀត កុំឲ្យចុះធ្វើការបង្រ្កាប។ លោកបញ្ជាក់ផងដែរ ស្បៃមុងរបស់លោកមានចំនួនពីរខ្សែ ដែលក្នុងមួយខ្សែ ប្រវែងជិត៥០០ម៉ែត្រដាក់ទល់លបគ្នា ដែលប្រវែងជាង១០០០ម៉ែត្រ ហើយមួយថ្ងៃលើកម្តង មានត្រីសរុបចន្លោះពី៧០គីឡូក្រាម ទៅ៨០គីឡូក្រាម។ ក្រៅពីរូបលោក ក៏មានប្រជាពលរដ្ឋផ្សេងទៀតដែលមកស្រុកជាមួយគ្នាផងដែរ។ ក្រៅពីនេះ នៅមានតំបន់ផ្សេងទៀត ដូចជា នៅចំណុចខាងលិចបឹងរាល អូទូច បត់ត្រង់ – បឹងមូល- កែងអន្សោង អាង៨០០ -ប្រស្នែងបទត្រង់ ស្ថិតក្នុងភូមិសាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ និង អាងតារ៉េ អាងដើមគរ អាងស្នែងក្របី បឹងប្រវែង បឹងអន្ទង់ ស្ថិតក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការសម្របសម្រួលដោយឈ្មួញទិញត្រីផ្សេងទៀត មានលោក រ៉ង់ រ៉ូ, លោក ប៉ាត គន និងមានឈ្មួញផ្សេងទៀតផងដែរ។ ករណីដែលក្រុមអ្នកនេសាទទាំងអស់ មិនព្រមលក់ឲ្យឈ្មួញទាំងអស់នេះ ក្នុងតម្លៃធូរថ្លៃនោះទេ គឺនឹងប្រឈមមុខទៅនឹងសមត្ថកិច្ចជំនាញចុះកាប់កំទេចចោលមិនខាន។ ក្រុមប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ សង្កាត់អូរគន្ធរ និងឃុំកំពង់គោ លើកឡើងថា កន្លងមកសម្ត្ថកិច្ចចុះបង្រ្កាបជាច្រើនករណី ប៉ុន្តែកន្លែងទាំងអស់នោះ គឺជារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋខ្លះមិនបាននិយាយចរចារជាមួយឈ្មួញទិញត្រី ឬលក់ទៅឲ្យទៅឲ្យអ្នកទិញផ្សេងទៀតដែលមានតម្លៃថ្លៃជាង។ ក្រុមប្រជាពលរដ្ឋ ស្នើរសុំឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជួយពិនិត្យ និងជំរុញឲ្យការបង្រ្កាបលើបទល្មើសនេសាទនេះ ដោយស្មើរភាពមិនរើសមុខ ជាពិសេសស្បៃមុង និងអួនក្រឡាញឹក ដែលមានប្រវែងៗទាំងអស់ពីភូមិសាស្រ្តខេត្តកំពង់ធំ។ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង