ព្រះមហាក្សត្រព្រុយណេ បានយាងមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADD AUL AH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង២៖៥០នាទី រសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។
រហូតដល់ពេលនេះ មានប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន និងដៃគូនានារបស់អាស៊ាន បានចាប់ផ្តើមមកដល់កម្ពុជា ជាបន្តបន្ទាប់។
នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ៕