គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវយកគ្រឿងចក្រមកកាយថ្ម និងអាចម៍ដីចេញពីសមុទ្រដែលជនមិនស្គាល់មុខលួចចាក់

 

TNM(ខេត្តព្រះសីហនុ) ៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ក្រោយពីរដ្ឋបាលស្រុកស្ទឹងហាវបានចេញសេចក្តីជូនដំណឹងថា ក្នុងពេលថ្មីៗនេះ ពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូនសហការនឹងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនទទួលខុសត្រូវសាងសង់ កំណាត់ផ្លូវលេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលាស្ថិតនៅភូមិ៤ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើការវាងផ្លូវចាស់កាត់ទីតាំងដីជាប់ឆ្នេរសមុទ្រនៅទីតាំងនោះក៏មានប្រជាពលរដ្ឋដែលមិនស្គាល់ឈ្មោះឆ្លៀតឱកាសដើម្បីចាក់ដីចូលក្នុងសមុទ្រ។

លោកអភិបាលស្រុកបានបន្តថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះលោកបានឱ្យគណៈបញ្ជាការឯកភាពស្រុកបានយកគ្រឿងចក្រមកកាយយកថ្ម និងអាចម៍ដីចេញពីសមុទ្រដែលជនមិនស្គាល់មុខលួចចាក់ចូលក្នុងសមុទ្រនាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា បុគ្គលដែលឆ្លៀតឱកាសនៅពេលដែលរដ្ឋបាលខេត្តព្រះសីហនុកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដត-១៩ បុគ្គលនោះបានលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រនៅពេលយប់។ហើយដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ដែលមានសេចក្តីណែនាំលម្អិតសម្រាប់អនុវត្ត និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។

រដ្ឋបាលស្រុកនឹងចាត់វិធានការកាយដីនេះចេញ និងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង