ព្រះសង្ឃ​ជិត​២០​អង្គ​កើត​​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង ​​ស្រែកយំ​ផ្អើល​ពេញ​វត្ត​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​​

ខេត្តបាត់ដំបង៖ ព្រះសង្ឃ​ជិត​២០​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ថ្មគោល ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០១ វិច្ឆិកា ក្រោយ​ពី​ព្រះសង្ឃ​ទាំងនោះ​មាន​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង។
ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ ដែល​បាន​ដឹក​បញ្ជូន​ព្រះសង្ឃ​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​យប់មិញ បាន​មានសង្ឃដីកា​ថា ព្រះសង្ឃ​ចំនួន​១៨​អង្គ​នៅ​ក្នុង​វត្ត​ខ្នាចរមាស ពិតជា​កើត​មាន​អាកា​រៈ​ក្ដៅខ្លួន​ខ្លាំង​មែន រហូត​ដល់​អង្គ​ខ្លះ​ស្រែកយំ​ផ្អើល​ពេញ​វត្ត ។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្ត​ថា អាកា​រៈ​បែប​នេះ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ ទៅ​លើ​ព្រះសង្ឃ​តែ​៤​ឬ​៥​អង្គ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៨​យប់មិញ (០១ ១១ ២២) ស្រាប់តែ​ឆ្លង​រាលដាល​ខ្លាំង​ដល់​ព្រះសង្ឃ​រហូត​ដល់​ទៅ​១៨​អង្គ​។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​ដដែល​បាន​ប្រាប់​ថា ព្រះសង្ឃ​ប៉ុន្មាន​អង្គ​ដំបូង​មាន​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង ហើយ​គ្រូ​ចៅអធិការ​វត្ត ក៏​បាន​ហៅ​គ្រូពេទ្យ​ទៅ​ពិនិត្យ​និង​ប្រើប្រាស​ថ្នាំ​បន្ថយ​កំ​ដៅ ។ ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​គ្រូពេទ្យ​ឲ្យ​ឆាន់​ថ្នាំ ព្រះសង្ឃ​ទាំងនោះ​ក៏​បាន​ធូរស្រាល​ភ្លាម​ៗ តែ​ក្រោយមក​ក៏​ឡើង​កំ​ដៅ​វិញ ហើយ​នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ស្រាប់តែ​ជំងឺ​នេះ​ក៏​ឆ្លង​រាលដាល​ខ្លាំង​ដល់​ព្រះសង្ឃ​នានា នៅ​ក្នុង​វត្ត​រហូត​ដល់​ទៅ​១៨​អង្គ ធ្វើ​ឲ្យ​ព្រះសង្ឃ​អង្គ​ខ្លះ​ស្រែកយំ​ពេញ​សាលាឆាន់ ទើប​អា​ជ្ញ​ធរ​សម្រេច​ឲ្យ​រថយន្ត​សា​មុ​យ​ជួយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មគោល​តែ​ម្ដង​។
ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ ដែល​បាន​ដឹក​បញ្ជូន​ព្រះសង្ឃ​១៨​អង្គ​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​បាន​បញ្ជាក់​បន្ថែមថា ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ភ្លាម គ្រូពេទ្យ​បាន​ប្រាប់​ថា ព្រះសង្ឃ​ខ្លះ​ឡើង​កំ​ដៅ​ខ្លាំង​រហូត​៣៩​អង្សារ​។ ពេល​នេះ ព្រះសង្ឃ​ទាំង​១៨​អង្គ កំពុង​ព្យូ​សេរ៉ូម​នៅ​ពេញ​មន្ទីរពេទ្យ​នៅឡើយ ក្រោយ​ពី​ក្រុម​គ្រួ​ពេទ្យ​ក​យ​សំណាក​ឈាម​រួច​។ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា នេះ គ្រូពេទ្យ​ជំនាញ​មិន​ទាន់​ផ្ដល់​លទ្ធផល​រោគ​សញ្ញា​នៅឡើយ​ទេ​។
ដូច្នេះ​ព្រះអង្គ​ត្រូវ​រង់ចាំ​ចម្លើយ​ពី​គ្រូពេទ្យ​សិន ទើប​អាច​ផ្ដល់​ចម្លើយ​អំពី​រោគ​សញ្ញា​របស់​ព្រះសង្ឃ​ទាំង​១៨​អង្គ​នេះ​បាន​។ នេះ​គ្រាន់តែ​ជា​ព័​ត៏​មាន​បឋម​តែ​ប៉ុណ្ណោះ ៕ by Hout Songhak
អត្ថបទដែលជាប់ទាក់ទង