អាជ្ញាធរខេត្តចុះរៀបចំសណ្ដាប់ធ្នាប់ប្រើវិធានការក្តៅដល់អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារសាមគ្គីស្ទឹងត្រែង
ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី 31 ខែតុលាឆ្នាំ 2022 នេះ អាជ្ញាធរខេត្តនឹងក្រុងសហការនិងកម្លាំងមានសមត្ថកិច្ចព្រមទាំងគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារដោយប្រើនៅវិធានការក្តៅ ដល់អាជីវករដែលដាក់លក់ដូរនៅតាមចិញ្ចើមផ្លូវនៅផ្សារសាមគ្គីស្ទឹងត្រែង។ ក្រោយពេល លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានចុះត្រួតពិនិត្យចំនួន03ថ្ងៃមុនប៉ុណ្ណោះ។
មានគោលការណ៍ចំនួន03 ត្រូវបានប្រធានផ្សារដាក់កំណត់ឲ្យបងប្អូនអាជីវករត្រូវតែគោរពតាមនោះ ពោលគឺ ទី1 អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់អីវ៉ាន់ត្រឹមគំនូសដែលបានរៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ . ទី2- ចំពោះប្រជាពលរដ្ឋលក់ដូរបន្លែ ផ្លែឈើ ត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់នឹងមិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតឡើយ គឺត្រូវរកទីតាំងលក់ដោយខ្លួនឯង. នឹងទី3- ម្ចាស់ម៉ូតូដែលបានចតអនាធិបតេយ្យជុំវិញផ្សារ ក៏ត្រូវយកទៅផ្ញើរឲ្យបានសមរម្យ។ ក្នុងករណីមិនគោរពតាមការណែនាំនេះ នៅពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ មិនទទួលខុសត្រូវឡើយ។
គួរបញ្ជាក់ដែលថា ខណៈពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណ ផ្សារសាមគ្គីស្ទឹងត្រែងនោះ ប្រជាពលរដ្ឋមកពីភូមិនៅតាមជនបទ ដែលប្រកបមុខរបរលក់ដូរ មានត្រី បន្លែ សាច់ មួយកញ្ច្រែង ពីកញ្ជ្រែង តែបន្តិចបន្តួច ពួកគាត់បានលើកឡើងថា បើមិនឲ្យពួកគាត់ដាក់លក់តើគាត់មានកន្លែងឯណា ចំណែកអ្នកលក់ដូរ ឬអាជីវករនៅក្នុងខេត្ត គេមានកន្លែង និងតូបលក់ស្រាប់។ដូច្នេះហើយពួកគាត់ស្នើរសុំឱ្យខាងអាជ្ញាធរ និងប្រធានផ្សារមេត្តាជួយរកកន្លែងណាមួយនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ឲ្យពួកគាត់បានដាក់លក់និងគេផង។ម្យ៉ាងវិញទៀតបើសិនជាខាងអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តច្បាប់សុំធ្វើយ៉ាងណាឲ្យមានតម្លាភាពនិងមិននិយមបក្សពួកឡើយ៕(ដោយសហការី tnm ស្ទឹងត្រែង)សម្រួលដោយ ទៀង បុណ្ណរី