ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សង្កត់ធ្ងន់ថា មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ពលរដ្ឋនោះទេ ត្រូវតែបម្រើឲ្យអស់ពីចិត្តពីដៃពីជើងដោយស្មោះត្រង់ ពេលពលរដ្ឋមានទុក្ខ ត្រូវមានវត្តមានពួកយើង

មានប្រសាសន៍បែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា លោក-លោកស្រី ក្រុមការងារទាំងអស់ពិសេសមេឃុំ-ចៅសង្កត់ ចាំបាច់ចុះឲ្យដល់មូលដ្ឋានឲ្យដល់ខ្នងផ្ទះ ជួយផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ឲ្យបងប្អូនជ្រួតជ្រាប កុំឲ្យជនអគតិប្រើគោលនយោបាយប្រជាភិថុត បង្ខូចមួលបង្កាច់រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងកេងចំនេញនយោបាយ ដើម្បីតែចង់បានសន្លឹកឆ្នោត។ បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញឲ្យក្រុមការងារត្រូវចុះក្តាប់ជាប់នូវបញ្ហាប្រឈមពលរដ្ឋ ដោះស្រាយឲ្យបាន ធានាសុខុមាលភាពទាំងរាងកាយនិងសតិអារម្មណ៍ពលរដ្ឋ។  ពិសេសពាំនាំសារនានារបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត ជូនដល់ពលរដ្ឋនូវគោលនយោបាយល្អៗដែលបានដាក់ចេញ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនសម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាក់ស្តែងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមរតាមរយៈក្រ១ ក្រ២ ការឧបត្តម្ភនៃរដូវកាលកូវីដ១៩ជាដើម ដែលសុទ្ធសឹងជាការចំណាយថវិការបស់រាជរដ្ឋាភិបាលរាប់រយលានដុល្លារ ដើម្បីជួយដល់បងប្អូនយើង៕(សហការីប្រចាំខេត្តត្បូងឃ្មុំ)សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង