យ៉ាងហោចណាស់មនុស្ស ១៥៣នាក់ស្លាប់ និង ៨២នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាក្នុងពិធីបុណ្យហាឡូវីននៅអ៊ីតេវ៉ុនក្នុងទីក្រុងសេអ៊ូល

យ៉ាងហោចណាស់មនុស្សចំនួន ១៥៣នាក់បានស្លាប់ និង ៨២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏សាហាវមួយនៅក្នុងសង្កាត់អ៊ីតេវ៉ុនក្នុងទីក្រុងសេអ៊ូល ខណៈដែលហ្វូងមនុស្សកំពុងចូលរួមពិធីជប់លៀងនានា ដែលក្នុងចំណោមនោះភាគច្រើនជាក្មេងវ័យជំទង់ និងមានអាយុខ្ទង់ ២០ឆ្នាំដែលបានជួបជុំគ្នានៅក្នុងសង្កាត់កម្សាន្តមួយនេះសម្រាប់ការប្រារព្ធពិធីបុណ្យហាឡូវីននាពេលរាត្រី។ ហេតុការណ៍រត់ជាន់គ្នាដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងមួយនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នៅក្នុងផ្លូវតូចចង្អៀតមួយដែលមានទទឹង ៤ម៉ែត្រនៅក្បែរសណ្ឋាគារហាមីលតុន ក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ល្បីល្បាញមួយ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានទៅលេងតំបន់នោះដើម្បីចូលរួមពិធីបុណ្យហាឡូវីន។ មន្ត្រីនោះបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈដែលមនុស្ស ១៩នាក់បានរងរបួសធ្ងន់ធ្ងរ។ ការរត់ជាន់គ្នានេះ គឺជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីការលិចសាឡាងសេវ៉ូលកាលពីក្នុងឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សចំនួន ៣០៤នាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យ។ វាជាព្រឹត្តិការណ៍ពិធីបុណ្យហាឡូវីនលើកដំបូងនៅក្នុងទីក្រុងសេអ៊ូលក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសនេះបានដកចេញនូវវិធានការរឹតបន្តឹងដោយសារជំងឺកូវីដ១៩។ មនុស្សភាគច្រើននៅតាមដងផ្លូវបានតែងខ្លួនសម្រាប់ពិធីបុណ្យហាឡូវីន។ ក្នុងចំណោមអ្នកដែលត្រូវបានស្លាប់ទាំងនោះ យ៉ាងហោចណាស់មាន ៩៧នាក់ជាស្ត្រី ហើយក្រុមអ្នកសង្កេតការណ៍បាននិយាយថា ស្ត្រីបានរងការវាយប្រហារខ្លាំងជាងគេដោយសារតែទីកន្លែងមានភាពតូចចង្អៀត រួមផ្សំជាមួយនឹងសម្លៀកបំពាក់ហាឡូវីនដែលមានទម្ងន់ធ្ងន់ជាងសម្លៀកបំពាក់ធម្មតា។ យោងតាមអាជ្ញាធរពន្លត់អគ្គិភ័យបានឱ្យដឹងថា ចំនួនជនបរទេសដែលស្លាប់បានកើនឡើងដល់ ២២នាក់។ ក្នុងចំណោមជនបរទេសទាំងនោះ មានបួននាក់មកពីប្រទេសចិន និងអ៊ីរ៉ង់ បីនាក់មកពីប្រទេសរុស្ស៊ី ម្នាក់មកពីសហរដ្ឋអាមេរិក ម្នាក់មកពីបារាំង ម្នាក់មកពីអូស្ត្រាលី ម្នាក់មកពីវៀតណាម ម្នាក់មកពីអ៊ូសបេគីស្ថាន ម្នាក់មកពីន័រវែស ម្នាក់មកពីកាហ្សាក់ស្ថាន ម្នាក់មកពីស្រីលង្កា ម្នាក់មកពីថៃ និងម្នាក់មកពីអូទ្រីស។ សញ្ជាតិជនរងគ្រោះចុងក្រោយមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង