ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល មានប្រសាន៍ថា៖ បច្ចុប្បន្នកម្ពុជាមានអគ្គិសនី គ្របដណ្តប់ដល់ភូមិ ៩៨,៥ភាគរយ
រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានអគ្គិសនីបានគ្របដណ្តប់ដល់ភូមិ៩៨,៥ភាគរយគឺនៅសល់តែខ្នងផ្ទះដែលនៅរាយប៉ាយដាច់ៗឆ្ងាយៗខ្លះតែប៉ុណ្ណោះ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនៃមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យកាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នប្រទេសកម្ពុជា បានប្រែក្លាយពីប្រទេសខ្វះថាមពល (អគ្គិសនី) មកជាប្រទេសសល់អគ្គិសនី ពោលគឺ កម្ពុជាផលិត និងនាំចូលបានជាង ៤ ០០០ មេហ្កាវ៉ាត់ តែនាបច្ចុប្បន្ននេះ ប្រើប្រាស់អស់តែជាង ២០០០ មេហ្កាវ៉ាត់ ។ ទោះយ៉ាងណា បរិមាណសល់នេះ ដោយសារយើងស្ថិត ក្នុងបរិបទកូវីដ១៩ ដែលដំណើរ ការវិនិយោគនានា បានទ្រឹង ឬមិនទាន់ដំណើរការឡើងវិញ ហេតុនេះ សេចក្តីត្រូវការអគ្គិសនី ក៏មិនទាន់ច្រើនដែរ។ រីឯវិស័យរ៉ែ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅប្រទេសយើង បានដំណើរការ សកម្ម ទាំងអាជីវកម្មរ៉ែ សម្ភារសំណង់ ទាំងរ៉ែលោហៈ។ ចំពោះរ៉ែប្រភេទសម្ភារសំណង់ ដូចជាថ្ម ខ្សាច់ ដី ។ល។ ក្រសួងបានឱ្យបង្កើតមូលនិធិរ៉ែ នៅតាមមូលដ្ឋាន ដែលមានការដ្ឋាន អាជីវកម្មរ៉ែ។ ក្នុងនោះ បើអាជ្ញាធរឃុំ សង្កាត់ណាចង់បានថវិកា យកទៅអភិវឌ្ឍន៍ មូលដ្ឋាន គឺលោកមេឃុំ ចៅសង្កាត់ អាចសរសេរលិខិតត្រង់ទៅក្រសួងរ៉ែ និងថាមពលតែម្តង។ ក្រសួងនឹងចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃ ហើយនឹងផ្តល់ថវិកាជូន សម្រាប់គម្រោងអភិវឌ្ឍន៍ផ្នែកសាធារណៈ នៅមូលដ្ឋាន។ ប៉ុន្តែ ការអភិវឌ្ឍនោះ ត្រូវដាក់ ឱ្យក្រុមហ៊ុន ដែលទទួលសិទ្ធិម៉ៅការសាងសង់ ឬអនុវត្តគម្រោងដេញថ្លៃ ជាសាធារណៈ។ ជាមួយនោះរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស៊ុយ សែម ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ត្រូវបន្តប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀតលើវិស័យរ៉ែនិងថាមពលដូចជាការគ្រប់គ្រងធ្វើអាជីវកម្មរ៉ែនិងថាមពលជំរុញការបន្តអាជ្ញាប័ណ្ណការដ្ឋានអស់សុពលភាពបន្តចុះពិនិត្យការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែចុះពិនិត្យទីតាំងការដ្ឋានថ្មសំណង់ជាដើម។ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទនៃមន្ទីររ៉ែនិងថាមពលដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ បម្រើផលប្រយោជន៍ ជូនរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ។ ជាទូទៅ ពិសេសសហការនឹងអគ្គិសនីកម្ពុជា និងសេវាករ បានផ្តល់ប្រភពបណ្ដាញអគ្គិសនីបច្ចុប្បន្នអគ្គិសនីខេត្តបន្ទាយមានជ័យបានខិតខំពង្រីកបណ្ដាញរបស់ខ្លួន ស្ទើរគ្រប់ភូមិឃុំសង្កាត់ស្រុក ក្រុង គឺនៅសល់តែចំនួន ៦ ភូមិទៀតប៉ុណ្ណោះ កំពុងតបណ្ដាញនោះ។ លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគាររដ្ឋបាលថ្មី នៃមន្ទីរ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ ធ្វើពីបេតុង ប្រក់ក្បឿងស្រកា ត្រី មានរចនាបថខ្មែរ ហើយមានលក្ខណ:ប្រណីត ស្តង់ដារសមស្រប។ លោកបានបន្តថា វាត្រូវបានបានសាងសង់ លើផ្ទៃដីទីតាំងអគារចាស់ ទំហំ ១២៦០ ម៉ែត្រការ៉េ។ អគារ មានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ២៨ ម៉ែត្រ កម្ពស់ពីរជាន់ ដែលមានបន្ទប់សរុបចំនួន ១៤ បន្ទប់៕សម្រួលដោយ ទៀង បុណ្ណរី