ប្រធានរដ្ឋសភាកម្ពុជា បង្ហាញវត្តមានក្នុងវេទិកា APPF ក្នុងបទអន្តរាគមន៍៖ លើកកម្ពស់នយោបាយ និងសន្តិសុខក្នុងតំបន់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួម ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APPF ដើម្បីបង្ហាញពី កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូកម្រិតអន្តរជាតិ លើការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបាន និងកំពុងកើតមានជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក។ សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី២៧ ខែតុលានេះ បានចូលរួមថ្លែងសុន្ទរកថាអន្តរាគមន៍ដោយផ្តោត លើនយោបាយ និងសន្តិសុខ ខណៈកិច្ចប្រជុំរបស់ APPF ដែលបាននិងកំពុងប្រព្រឹត្តទៅ នាទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលានេះ ធ្វើឡើងក្រោមមូលបទស្តីពី«សភា និងការស្តារ ឡើងវិញ ប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និង សន្តិសុខ»។ ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភាថៃ និងជាប្រធាន APPF លើកទី៣០ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។ ឯកឧត្តមបានលើកឡើងថា ការជួបជុំនេះមានសារៈសំខាន់ណាស់នៅក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និងពិភពលោកដែលកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច ក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពីបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមាន ជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកនេះ។ APPF បានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងឆ្នាំ១៩៩៣ ក្នុងគោលបំណងប្រមូលផ្តុំ សភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួមក្នុងតំបន់ ជាពិសេសការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស ហើយសភាកម្ពុជា បានចូលជា សមាជិក នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំលើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩ ដើម្បីជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលជាកត្តាសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រកប ដោយចីរភាព៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង