ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវប្រជាជននិងព្រះសង្ឃរួមគ្នាដើម្បីការពារព្រះមហាក្សត្រ ការពារបបរាជានិយម ការពាររាជបល្ល័ង្ក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវប្រជាជននិងព្រះសង្ឃរួមគ្នាដើម្បីការពារព្រះមហាក្សត្រ ការពារបបរាជានិយម ការពាររាជបល្ល័ង្ក ខណៈដែលទណ្ឌិត សម រង្ស៊ី បានប្រើពាក្យប្រមាថនិងតិះដៀលព្រះមហាក្សត្រ។ ថ្លែងក្នុងពិធីអញ្ជើញផ្តល់ស្រូវពូជជូនប្រជាកសិករជាង ៥ពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ នៅ ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមុននេះ ទណ្ឌិត សម រង្ស៊ីបានជេរប្រមាថដល់សម្តេចតេជោ និងជេរប្រមាថដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ និងព្រះសង្ឃ ងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ ក្នុងការធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាពនៃទឹកដីរបស់កម្ពុជា ។ សម្តេចតេជោ បានបន្តថា អ្នកទាំងឡាយដែលបានផ្សារភ្ជាប់ខ្លួនជាមួយគណបក្ស ដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះ គួរតែចាកចេញ ផ្តាច់ខ្លួនចេញអំពីក្រុមជនក្បត់ជាតិនេះ បើមិនដូចនោះ នឹងអាចរងនូវផលវិបាកផ្សេងៗ ដែលនេះមិនមែនជាការគំរាមកំហែងនោះទេ ខណៈដែលនៅក្នុងប្រទេសមួយ មិនអាចឱ្យមានបក្សក្បត់ជាតិបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ល្មមដល់ពេលហើយ បងប្អូនដែលរស់នៅក្នុងបក្សមួយ ដែលបាន ផ្សារភ្ជាប់ជាមួយជនក្បត់ជាតិ៣ជំនាន់នេះ សូមឱ្យប្រញាប់ចាកចេញ ផ្តាច់ខ្លួនចេញ ហើយទៅចូលរួម ជាមួយបក្សនយោបាយផ្សេងៗទៅ កុំនៅជាមួយបក្សនេះ បើនៅជាមួយបក្សក្បត់ជាតិនេះ នឹងមាន ហានិភ័យដែលនឹងឈានទៅដល់ការអនុវត្តន៍ច្បាប់ ប្រសិនបើរកឃើញថា មានទំនាក់ទំនងជាមួយជន ក្បត់ជាតិមួយនេះ ។ សម្តេចតេជោ បានបញ្ជាក់ថា ការជេរប្រមាថនេះបើត្រឹមនាយករដ្ឋមន្ត្រីមិនអីនោះទេ ក៏ប៉ុន្តែកាលពីកន្លងទៅ បានជេរព្រះមហាក្សត្រ ហើយឥឡូវនេះបានជេរព្រះមហាក្សត្រទៀត រហូតដល់ប្រើពាក្យថា ព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច។ សម្តេចតេជោ បានបន្ថែមថា ចំពោះរាជរដ្ឋាភិបាលកម្ពុជា យើងគោរព ព្រះមហាក្សត្រ ព្រោះប្រទេសរបស់យើងជាប្រទេសរាជានិយម ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ព្រះអង្គ មិនទាក់ទិននឹងនយោបាយនោះទេ ហេតុអ្វីបានគេទៅដៀលព្រះមហាក្សត្រ ប្រមាថព្រះមហាក្សត្រ យ៉ាងដូច្នេះ ។ « ឥឡូវប្រជាពលរដ្ឋ ព្រះសង្ឃ កំពុងចេញសារថ្កោលទោស ព្រោះវាចេញឃ្លីបវីដេអូ និយាយយ៉ាង ច្បាស់ពាក់ព័ន្ធនឹងរឿងនេះ យើងមិនអាចទទួលយកបាន នូវរឿងបែបនេះ ហើយយើងក៏មិនអាចព្រងើយ កន្តើយ មិនការពារចំពោះព្រះមហាក្សត្រនោះទេ ។ ព្រះមហាក្សត្រព្រះអង្គមិនតបតនោះទេ ប៉ុន្តែយើងក្នុង ឋានៈ ជាប្រជាពលរដ្ឋដែលការពារព្រះមហាក្សត្រ ត្រូវតែរួមគ្នាដើម្បីការពារព្រះមហាក្សត្រ ការពារបប រាជានិយម ការពាររាជបល្ល័ង្ក។ ដូច្នេះសង្ឃឹមថា បងប្អូនដែលជាសមាជិក សមាជិកា អ្នកគាំទ្រជនក្បត់ជាតិ នេះ ចាកចេញពីបក្សដែលផ្សារភ្ជាប់ខ្លួនឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបានកុំឱ្យមានទោសជាប់ខ្លួន ដោយសារការប្រមាថព្រះមហាក្សត្រ ឬទង្វើក្បត់ជាតិទាំងឡាយដែលគេបានធ្វើក្នុងរយៈពេលកន្លងទៅ » សម្រួលដោយ ទៀង បុណ្ណរី