រដ្ឋមន្ត្រីកសិកម្ម បានចាប់ផ្ដើមចុះពិនិត្យទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីត្រៀមចែកស្រូវពូជពេលទឹកស្រក

រដ្ឋមន្ត្រីកសិកម្ម បានចុះពិនិត្យស្ថានភាពទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីចែកស្រូវពូជ និងជំនួយផ្សេងៗ សម្រាប់ស្តារឡើងវិញនូវការខូចខាត ដោយសារទឹកជំនន់ ។ បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃ ម្សិលមិញនោះ នៅព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើ ដំណើរតាមឧទ្ធម្ភាគចក្រ ជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះបំពេញបេសកកម្មតាមខេត្ត និងចាប់ផ្ដើមជាផ្លូវការទៅតាមបណ្តាទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការងារនេះចាំបាច់ និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញនោះ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង