ក្រសួងបរិស្ថាន បូកសរុបលទ្ធផលការងារវិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃចន្ទទី១៧ ខែតុលាឆ្នាំ២០២២ បានឲ្យដឹងថា សិក្ខាសាលាបូកសរុបលទ្ធផលការងារវិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ បានរៀបចំឡើងនៅក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក៏ដូចជាស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថានក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម បានបន្ថែមថាសិក្ខាកាមទាំងអស់នឹងបានយល់ច្បាស់អំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបែបបទនីតិវិធី ដែលជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តមុខងារនិងភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ហើយក្នុងនាមជាមន្ត្រីសាធារណៈ យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យដែលបានដាក់ចេញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន០៣ ក្នុងនោះរួមមាន៖ អនុក្រឹត្យលេខ១៨២ ១៨៣ ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម័្ពន្ធរបស់រដ្ឋបាលស្រុក។ ក្នុងខ្លឹមសារនៃឧបសម្ព័ន្ធនៃអនុក្រឹត្យទាំង០៣ខាងលើនេះ បានចែងអំពីការផ្ទេរមុខងារដែលត្រូវប្រគល់មានចំនួន ០៥ និងមុខងាររងចំនួន០៦ និងសកម្មភាពចំនួន២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តដែលក្នុងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថាន រួមមាន៖១. ការងារគាំពារបរិស្ថាន (ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់)២. ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ៣. ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ៤. ការពង្រឹងការងារអប់រំបរិស្ថាន ៥. ការអភិវឌ្ឍដោយចីរភាព។
ក្រសួងបរិស្ថានបានគាំទ្រធនធាននានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយកន្លងមក ក្រសួងបានផ្តួចផ្តើមជំរុញឱ្យមានកញ្ចប់ថវិកាអនាម័យបរិស្ថានចំនួន ៨.០០០លានរៀលក្នុងមួយឆ្នាំ ពីថវិកាជាតិសម្រាប់រដ្ឋបាលក្រុងគោលដៅ ដើម្បីអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់ រឹងរាវទីប្រជុំជន។ ក្រៅពីនេះ ក្រសួងបានជួយអន្តរាគមន៍ដល់ក្រុង និងស្រុកមួយចំនួនទៀត ដែលមានបញ្ហាប្រឈមខ្លាំងនិងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដោយក្នុងនោះបានផ្តល់ឡដុតសំរាមសំណល់រឹងចំនួន៥៤ឡ រថយន្តដឹកសំរាម ចំនួន២៣គ្រឿង ធុងសំរាម (Dumpster) ចំនួន៨៦ និងម៉ូតូកង់បីដឹកសំរាមចំនួន១១៨គ្រឿង។
ជាមួយគ្នានេះ ដើម្បីលើកកម្ពស់សុខុមាលភាព អនាម័យ សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន ក្រសួងក៏បានផ្តល់ធុងចម្រោះទឹកស្អាត(ទឹកក្តៅ-ត្រជាក់)ចំនួន២៣០គ្រឿង និងកូនឈើដាំលម្អនៅតាមទីប្រជុំជនក្រុង/ស្រុកជាច្រើនផងដែរ៕
សម្រួលដោយ ទៀង បុណ្ណរី