ពូជស្រូវប្រមាណជាង ៧ម៉ឺន៦ពាន់គីឡូ បានបែងចែកទៅតាមបណ្តាក្រុងស្រុក ដែលរងផលប៉ះពាល់ ពីទឹកជំនន់

ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំយកពូជស្រូវរបស់រាជរដ្ឋាភិបាល ប្រមាណជាង ៧ម៉ឺន ៦ពាន់គីឡូក្រាម មកចែកជូនប្រជាកសិករដែលទទួលរងគ្រោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេ មេគង្គ នៅស្រុកព្រែកប្រសព្វ -ស្រុកចិត្របុរី និងក្រុងក្រចេះ នៅព្រឹកថ្ងៃទី ១៧ តុលា ឆ្នាំ ២០២២ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ចាក់ថា ៖ ពូជស្រូវដែលទទួលបានពីរាជរដ្ឋាភិបាលពេលនេះ គឺជាប្រភេទពូជស្រូវថ្មី ជាពូជស្រូវស្រាលមិនប្រកាន់រដូវ មានរយៈពេលតែ១១៥ថ្ងៃតែប៉ុណ្ណោះ សម្រាប់ដាំដុះនិងប្រមូលផល តែមុននឹងយកទៅធ្វើការដាំដុះ សូមប្រជាពលរដ្ឋ យកគ្រាប់ពូជស្រូវទាំងអស់នោះ យកទៅហាលថ្ងៃសិន ដើម្បីឲ្យស្ងួតល្អ ចាំយកទៅដាំដុះ សាបព្រួស ទើបគ្រាប់ស្រូវដុះចេញល្អ ។ ឯកឧត្តម វ៉ា ថន បន្តថា ៖ រាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ស្ថានភាព ក្នុងនោះគិតអំពីបញ្ហាសុខុមាលភាពសាធារណៈ ដែលរងអំពីការរាតត្បាតនូវជំងឺកូវីដ-19 និងភាពខ្វះខាតក្នុង អំឡុងពេលជំងឺកូវីដ-១៩ ថែមពីនោះបានគិតគូរពីការបង្កបង្កើន ដំណាំកសិកម្ម ដើម្បីស្តារឡើងវិញក្រោយ ប៉ះពាល់ពីទឹកជំនន់ និងក្រោយពីទឹកជំនន់បានស្រកចុះ ។ ឯកឧត្តមបញ្ជាក់ថា ៖ ការផ្ដល់គ្រាប់ពូជស្រូវនេះ ជាជំហានដំបូង គឺយើងដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាចម្បងសិន ចំណែកប្រជា ពលរដ្ឋ ដែលមិនទាន់បានទទួលគ្រាប់ពូជ សូមកុំទាន់អាក់អន់ស្រពន់ចិត្តអី រាជរដ្ឋាភិបាលនៅតែបន្តចែក គ្រាប់ពូជស្រូវដល់ប្រជាពលរដ្ឋណាដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យបងប្អូនជួយថែរក្សាទីទួលសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រយោជន៍រួម ក្នុងមូលដ្ឋានយើង សម្រាប់ជួយដោះស្រាយនាពេលមានគ្រោះមហន្តរាយ ចៀសវាងការរំលោភយកដី សម្បត្តិរួម និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមដាំដុះស្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាំដុះតាម បច្ចេកទេសកសិកម្ម ឱ្យបានល្អប្រសើរ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង