សម្តេចតេជោអំពាវនាវឱ្យគ្រឹះស្ថាន មីក្រូហិរញ្ញាវត្ថុ ផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផល ប៉ះពាល់ដោយសារទឹកជំនន់
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់ តាមរយៈវិធានការផ្សេងៗ ដើម្បីសម្រួលដល់ការលំបាករបស់ប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវដល់គ្រឹះស្ថាន មីក្រូហិរញ្ញ វត្ថុ ដើម្បីផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់ តាមរយៈនៃការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយអត្រាការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ ។ សម្តេចតេជោស្នើឱ្យមានការយោគ យល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលលិចលង់ដោយសារទឹកជំនន់ផងនិងជំពាក់បំណុលផង ហើយប្រសិនបើមានការទៅរឹបអូសផ្ទះសំបែងដីធ្លីថែមទៀត តាមកិច្ចសន្យាដើមរបស់ពួកគាត់នោះ ជារឿងដែលវាមិនត្រឹមត្រូវនោះទេ ។ សម្តេចតេជោ ក៏បានណែនាំឱ្យឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើការប្រជុំជាមួយម្ចាស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ផ្តល់ការយោគយល់ចំពោះការលំបាកមួយនេះ។ «អ្វីដែលព្រះករុណាខ្ញុំចង់និយាយសំដៅ គឺចាំបាច់ណាស់សម្រាប់ប្រជាជនប្រមាណជាង២ម៉ឺនគ្រួសារដែលត្រូវទទួលបាននូវអន្តរាគមន៍ ស្បៀង ពូជ ការវាយតម្លៃទាក់ទិននិងជំនួយសង្គម ដែលត្រូវផ្តល់ឱ្យគាត់ប៉ុន្មានខែ និងអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះពួកគាត់ ពន្យាពេលសង បន្ថយការប្រាក់ រៀបចំឥណទានឡើងវិញ ។ សូមឱ្យឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើការបន្តទៅលើរឿងនេះ ជាមួយនិងការអំពាវនាវផ្ទាល់មាត់របស់ខ្ញុំ ព្រះករុណាខ្ញុំ ទៅកាន់អ្នកទាំងអស់គ្នា។ យើងគ្មានជម្រើសណាឱ្យល្អជាងជម្រើសបែបនេះទេ ព្រោះវាកើតអ៊ីចឹង នៅយើងចាត់ទុកថា ស្រាលជាងនៅថៃ នៅថៃធ្ងន់»៕សម្រួលដោយ ទៀង បុណ្ណរី