ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបេសកកម្មសំខាន់ៗចំនួន ៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិសម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។

ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើអោយ ជីវភាពប្រជាជនកាន់តែរីកចំរើន ការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន។ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសបិទសិក្ខាសាលា«ត្រួតពិនិត្យលទ្ធផលការងារគ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០២២ និង លើកទិសដៅការងារបន្តឆ្នាំ២០២៣ នៅទីស្តីការក្រសួងចាប់ពីថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សម្បត្តិធនធានធម្មជាតិដ៏មហាសាលដែលបុព្វបុរសយើងបានបន្សល់ទុកមក យើងត្រូវការពារ និងបន្តបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានថ្មីផ្សេងៗទៀត ដើម្បីធានាការពារ និងអភិរក្សធនធានធានធម្មជាតិ ទុកបន្តជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជាគ្រប់ជំនាន់។ ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជា ជាក់ស្តែងដូចជា ទឹក និងត្រី នៅបឹងទន្លេសាប ប្រភពទឹកក្បាលឆាយ វាលស្មៅសមុទ្រក្នុងខេត្តកែបបង្កើតជាប្រភពក្តាមសេះនៅកែប។ ការរក្សាឈើឈរបានផ្តល់ចំណូលចូលសេដ្ឋកិច្ចតាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារស្មគ្រ័ចិត្តអន្តរជាតិជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រៅពីទទួលផ្លែផ្កាពីសុខសន្តិភាព ប្រជាជនយើង គួរគិតគូរបន្ថែមការដាំដំណាំរួមផ្សំនៅតាមផ្ទះ និង សហគមន៍ ដើម្បីធានាសន្តិសុខស្បៀង ភាពសម្បូណ៌បែបនៃម្ហូបអាហារ និងសុវត្ថិភាព និងការនាំចេញនៅនឹងកន្លែង។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបេសកកម្មសំខាន់ៗចំនួន ៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិសម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានរាយការណ៍ជូនថា នៅក្នុងសិក្ខាសាលានេះ ដើម្បីប្រមូលបាននូវធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ អគ្គនាយកដ្ឋានបានកំណត់ប្រធានចម្បងស្តីពី«ចក្ខុវិស័យក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ» និងប្រធានបទរងចំនួន៣ គឺ ១-ការងារការពារ និងអភិរក្សតំបន់ការពារធម្មជាតិដីគោក និងការអនុវត្តច្បាប់ ២-ការអភិរក្សតំបន់ដីសើមទឹកសាប និង តំបន់ឆ្នេរសមុទ្រ និងការអនុវត្តច្បាប់
៣-នីតិវិធីសម្រួលព្រំ និងការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ។សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង