មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មនិងអាជ្ញាធរខេត្តព្រះវិហារ ចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែនិងដំណាំដែលខូចខាតដោយទឹកជំនន់ដើម្បីរកវិធានការស្តារឡើងវិញ

ព្រះវិហារ៖ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ នៅថ្ងៃទី១២ខែ តុលាឆ្នាំ២០២២ បានដឹកនាំមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូល ដ្ឋាន ចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែនិងដំណាំប្រជាពលរដ្ឋ នៅស្រុកជ័យសែន និងស្រុករវៀង ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ។ ឯកឧត្តម ចាន់ ចេស្តា ឱ្យដឹងថា តាមការចុះពិនិត្យជាក់ ស្តែងនិងផ្អែកតាមរបាយការ ណ៍របស់រដ្ឋបាលខេត្ត ក្នុង នាមគណៈកម្មការគ្រោះ មហន្តរាយខេត្ត គឺផ្ទៃដីស្រែនិងដំណាំប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់មានចំនួន៩៨០០ហិកតា ។ គិតមកដល់ថ្ងៃទី១៣ ខែតុលា ចំពោះស្រុកជ័យសែននិងស្រុករវៀង ដែលយើងចុះពិនិត្យជាក់ស្តែងប៉ះពាល់ផ្ទៃដីស្រែចំនួន២៣០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មនិងដំណាំរួមផ្សំ ពិសេសផ្តោតលើដំណាំដំឡូងមីខូចរហូតចំនួន២៤០០ហិកតា។ ក្រោយពិនិត្យឃើញជាក់ស្តែង ក្នុងនាមប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានពិភាក្សាជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក តាមរយ:ឯកឧត្តមអភិបាលខេត្ត រង់ចាំទទួលនូវសំណើរបស់ប្រជាពលរដ្ឋ ហើយក៏បានជួបប្រជាពលរដ្ឋតាមឃុំមួយចំនួននៅស្រុកជ័យសែននិងស្រុករវៀង ឃើញថា ផ្ទៃដីស្រូវដែលខូច ខាតនេះ សម្រាប់ចុងរដូវគាត់មានបញ្ហាមួយ ពេលដែលឱ្យពូជស្រូវមក គាត់មិនអាចធ្វើស្រូវបានដោយសារអត់មានប្រភពទឹក ប៉ុន្តែសម្រាប់ពូជ ស្រូវនេះ គាត់ថាបើមិនអាចធ្វើចុងរដូវវស្សាបានគឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តល់ជាជម្រើសដល់ប្រជា ពលរដ្ឋ បើគាត់មិនធ្វើស្រូវទេ គឺអាចជ្រើសរើសយកនូវពូជដំណាំរួមផ្សំនិងបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្មមានរហូតដល់១៦មុខ សម្រាប់យកទៅផលិតនៅក្នុងដីដែលអាចធ្វើបានដោយប្រើប្រាស់ទឹកតិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបើសិន ជាច្រើនអាចលក់បាន។ ជាមួយនេះ ឯកឧត្តម គីម រិទ្ធី បានថ្លែងដោយក្តីរំភើបរីករាយ ដែលសម្តេចតេជោបានយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះកសិករដែលរំពឹងលើដំណាំដែលជាចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ហើយប្រជាពលរដ្ឋក៏បានសំដែងនូវការសប្បាយ ចិត្ត ដែលសម្តេចតេជោបានបញ្ជូនប្រតិភូមកជួយអន្តរាគមន៍ជូនពួកគាត់ ធ្វើឱ្យពួកគាត់រីករាយទទួលយក ពូជដំណាំដើម្បីយកទៅដាំដុះក្រោយទឹកស្រកចុះទៅវិញនិងនៅឆ្នាំក្រោយ។ ឯកឧត្តម នឹងនៅកៀកជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកនូវសំណូមពរទាំងឡាយ ពិសេសមិនឱ្យប្រជាពលរដ្ឋដាច់ស្បៀងដោយអាជ្ញាធរមិនបានដឹង។ ឯកឧត្តម ក៏បានគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស និយាយដោយឡែកពលរដ្ឋទូទាំងខេត្តព្រះវិហារ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង