ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងផែនការរៀបចំដែនដីខេត្តរតនគិរី
រតនគិរី៖ នៅរសៀលថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងផែនការរៀបចំដែនដីខេត្តរតនគិរី ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សារ៉េត បូរ៉ាមី អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ ដែលបានមកផ្សព្វផ្សាយគម្រោងផែនរៀបចំដែនដីខេត្តរតនគិរីនាពេលនេះ ។ ដែលនេះគឺបានបញ្ជាក់អោយឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្មខេត្ត និងការអភិវឌ្ឍទីក្រុងតាមគោលការណ៍ទីក្រុងឆ្លាត ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការជំរុញការអភិវឌ្ឍ និងពង្រឹងការ អនុវត្តគោលនយោបាយ ច្បាប់និងបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស ការកសាងផែនការរៀបចំដែនដី ប្លង់គោល ផែនការប្រើប្រាស់ដីរបស់រដ្ឋបាលខេត្ត។ ឯកឧត្តមបណ្ឌិត សារ៉េត បូរ៉ាមី មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់ច្បាស់អំពីតំបន់ដែលមានសក្តានុពលសម្រាប់ការ អភិវឌ្ឍនិងអភិរក្សធនធានធម្មជាតិដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននិងការអភិវឌ្ឍន៍។ឯកឧត្តមបន្តថាខេត្តរតនគិរីបានកំពុងកសាងផែនការរៀបចំដែនដីរបស់ខ្លួន ក្នុងគោលបំណងគម្រង់ទិសក្នុងការអភិវឌ្ឍនិងអភិរក្សខេត្តនាពេលបច្ចុប្បន្ននិងទៅអនាគតដែលការនេះក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តគ្រប់គ្រងប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធិភាព ការការពារបរិស្ថាន ការទាញអ្នកវិនិយោគអោយមកវិនិយោគក្នុងខេត្តបានកាន់ច្រើន បង្កើតការពារ បង្កើនប្រាក់ចំណូល ចំនួនប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរ ប្រកបដោយសុខដុមរមណីយកម្ម។ហើយបន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយគម្រោងកសាងផែនការរៀបចំដែនដីខេត្តរតគិរី ក្រុមការងារជំនាញរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ និងក្រសួងរៀបចំដែនដី និងចុះសហការជាមួយគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តរតនគិរី ដើម្បីរៀបចំចុះស្រង់ទិន្នន័យផែនទីប្រើប្រាស់ដីនិងការងារមួយចំនួនទៀតតាមជំហ៊ានការងារបន្តបន្ទាប់៕សម្រួលដោយ ទៀង បុណ្ណរី