ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចុះសួរសុខទុក្ខប្រតិបត្តិករ បោសសម្អាតមីន នៅឃុំស្រង់ ស្រុកគងពិសី
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អញ្ជើញចុះសួរ សុខទុក្ខកងកម្លាំងរក្សាសន្តិភាព ជាប្រតិបត្តិករកំពុងបោសសម្អាតមីន នៅលើខ្នងភ្នំដូនតី ស្ថិតក្នុងភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងគម្រោងសម្អាតមីន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម សែម សុវណ្ណនី ក៏បានពាំនាំនូវសេចក្តីនឹករលឹក របស់សម្តេចអគ្គមហាសេនាបតីតេជោ ជូនប្រតិបត្តិករទាំងអស់ ដែលបានខំប្រឹងបំពេញ កាតព្វកិច្ច ដើម្បីសម្អាតមីនជូនជាតិមាតុភូមិផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង អំណរគុណសភាពាណិជ្ជកម្មម៉ាឡេស៊ី ចំពោះការប្រឹងប្រែង កៀរគរជំនួយ បោសសម្អាតមីន និងផ្តល់សុវត្ថិភាពជូនពលរដ្ឋក្នុងភូមិឃុំ។ ម៉ាឡេស៊ី ក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើន ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ដែលហៅកាត់ UNTAC នៅកម្ពុជា នាឆ្នាំ១៩៩២-១៩៩៣ ថែមទៀតផង។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថា ការងារបោសសម្អាតមីន ក្នុងភូមិសាស្ត្រស្រុកគងពិសី រយៈពេល៤៨ថ្ងៃ ដែលគិត ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្រេចបានចម្ការមីនចំនួន៣ មានទំហំផ្ទៃដីសរុប ២៣៤,៧២១ម៉ែត្រក្រឡា បានរកឃើញមីន១១គ្រាប់ យុទ្ធភណ្ឌមិន ទាន់ផ្ទុះ១៥គ្រាប់ គ្រាប់បែក៣គ្រាប់ និងអំបែង៤១៨ដុំ។ ចំណែកឯចម្ការមីននៅ សល់ចំនួន២ទៀត កំពុងបន្តប្រតិបត្តិការបោសសម្អាត ដែលមានផ្ទៃដីសរុប ៦៧,៥៣៣ម៉ែត្រក្រឡា។ លោក ឧញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា បានថ្លែងថា សភាពាណិជ្ជកម្មម៉ាឡេស៊ី គឺបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅបោសសម្អាតមីនឱ្យពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥។ គម្រោងបោសសម្អាតមីននៅតំបន់នេះ សភាពាណិជ្ជកម្មម៉ាឡេស៊ី បានចូលរួមផ្តល់ថវិកា ចំនួន៧៧,០០០ដុល្លារអាម៉េរិកផងដែរ។ សូមបញ្ជាក់ដែរថា កម្ពុជាបានប្រឈមនឹងបញ្ហាមីន រួមទាំងសំណល់ជាតិផ្ទុះ ក្រោយសង្រ្គាមរុំារ៉ៃ ដែលអូសបន្លាយនៅកម្ពុជាតាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៩៦០ រហូតដល់ ១៩៩៨។ សម្តេចតេជោ បានជំរុញវិស័យបោសសម្អាតមីនពីការប្រើប្រាស់ឧបករណ៍សាមញ្ញ ដែលមាន វរនារីកម្ពុជាដ៏ឆ្នើម គឺលោកស្រី គង់ សារឿន ដឹកនាំកងអនុសេនាធំបោស សំអាតមីន។ រហូតដល់ឆ្នាំ១៩៩២ ទើបមានអង្គការអន្តរជាតិ ចូលរួមចំណែកក្នុងការកាត់ បន្ថយជនរងគ្រោះដោយ សារមីន និងសំណល់ជាតិផ្ទុះ។ ជាក់ស្តែង ចំនួនអ្នកស្លាប់ និងរបួស ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយ ពីចំនួន ៤.៣២០នាក់ នៅឆ្នាំ១៩៩៦ មកត្រឹមប្រមាណ ១០០នាក់ ជាមធ្យមនៅឆ្នាំ២០១២ និងបានបន្តថយចុះ នៅត្រឹម ៤០នាក់ ក្នុងឆ្នាំ២០២២ ក្រោមផែនការ ការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមទ្រង់ទ្រាយធំ។ ក្រោមការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកពីថ្នាក់ដឹកនាំ កម្ពុជាបានប្រែក្លាយចម្ការមីន ទៅជាកម្ការដំណាំ ដែលបានផ្តល់ទិដ្ឋផល និងចំណូលដល់ ពលរដ្ឋ។ ក្រៅពីនេះ ទីតាំងចាស់មួយចំនួន ដែលធ្លាប់ជាចម្ការមីន ក៏ប្រែមុខមាត់ថ្មី ដែលពោរពេញដោយអគារស្កឹមស្កៃ ផ្ទះល្វែងជាដើម។ យោងតាមផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន ឆ្នាំ២០១៨-២០២៥ កម្ពុជាតាំងចិត្តនឹងធ្វើការបោសសម្អាតមីនឱ្យ អស់នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជាក៏បាន ចាប់ផ្តើមប្រកាសភូមិ-ឃុំ មានសុវត្ថិភាព ជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២ ដែលក្នុងនោះមាន ខេត្តកែប ព្រៃវែង និងរាជធានីភ្នំពេញ៕ សម្រួលដោយ ទៀង បុណ្ណរី