ក្រុមសិស្សនិស្សិត គាំទ្រការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា

ភ្នំពេញ៖ សិស្សនិស្សិតគាំទ្រឱ្យមានការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ចូលរួមលើក កម្ពស់សុខភាពប្រជាពលរដ្ឋ។សិស្សនិស្សិតបានលើកឡើងថា ឧស្សាហកម្មគ្រឿងស្រវឹងបានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនក្នុងការអូសទាញកុមារនិងយុវជន តាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង នៅលើមួក ឆ័ត្រ អាវយឺត ផ្លិត ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹងដោយឥតគិតថ្លៃ ឬផ្ដល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។ការគាំទ្រនេះ ធ្វើឡើងក្នុងកម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។កញ្ញាហាក់ ម៉ីម៉ី ជានិស្សិត មកពីសាកលវិទ្យាល័យអន្តរជាតិឌូវី បានលើកឡើងថា ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា”នេះ នឹងជួយទប់ស្កាត់បានច្រើន មិនឱ្យយុវវ័យចង់ប្រើប្រាស់គ្រឿងស្រវឹង ព្រោះគ្រឿង ស្រវឹងបានប៉ះពាល់យ៉ាងច្រើនដល់សុខភាពសាធារណៈ បង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ ខាត បង់ថវិកាជាដើម។ក្រុមសិស្សនិស្សិតក៏បានលើកឡើងថា សកម្មភាពរបស់ឧស្សាហកម្មគ្រឿងស្រវឹងកំពុងធ្វើនេះ បានជះឥទ្ធិពលអាក្រក់ជាច្រើនទៅលើកុមារនិងយុវជន។ កុមារនិងយុវជន ត្រូវបានជំរុញឱ្យចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើនក្នុងវ័យក្មេងខ្ចី តាមរយៈសារនិងរូបភាពទាក់ទាញ ការធ្វើត្រាប់តាមអាយដលផ្សាយស្រាបៀរ ការផ្តល់គ្រឿងស្រវឹងដោយឥតគិតថ្លៃជាដើម។ ជាលទ្ធផល កុមារនិងយុវជន ទទួលរងនូវការប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូតលាស់មិនប្រក្រតីរបស់កុមារ ប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងដល់ការសិក្សា។ មិនតែប៉ុណ្ណោះ ការផ្សាយពាណិជ្ជកម្មបំផ្លើសនៃគ្រឿងស្រវឹង ប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវនិងសិទ្ធិទទួលបានសុខភាពល្អ ដែលមានចែងក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ។ អំពើហិង្សាដែលកើតមានក្នុងអំឡុងពេលមុនប្រកួត ពេលប្រកួត និងក្រោយប្រកួតកីឡា ដែលជំរុញដោយការសេពគ្រឿង ស្រវឹង ជះឥទ្ធិពលអាក្រក់ដល់កុមារ និងយុវជន។ថ្លែងក្នុងឱកាសនោះលោកជំទាវ បណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអរគុណដល់លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពដើម្បីកម្ពុជាដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងអប់រំលើផ្នែកលើកកម្ពស់សុខភាពដល់សិស្សានុសិស្ស ខណៈដែលសុខភាពគឺជាកត្តាទី១ សុខ ភាពគឺជាជីវិតរបស់យើងទាំងអស់គ្នា។លោកជំទាវបន្តថា កម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា”នេះ ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់ដល់សុខភាព និងចង់ពង្រឹងស្មាតីឱ្យទទួលខុសត្រូវរបស់សិស្សានុសិស្ស ចំពោះការប្រើប្រាស់គ្រឿងស្រវឹង។ ជាមួយគ្នានោះលោកជំទាវ ក៏បានណែនាំ និងចែករំលែកនូវបទពិសោធន៍ជុំវិញការនិយាយសាធារណៈ និងការស្រាវជ្រាវជុំវិញប្រធានបទនេះផងដែរ។គួរបញ្ជាក់ផងដែរថា បេក្ខជនឆ្នើមទាំង១០រូប ដែលបានប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការ ចេញពីយុវជនរាប់រយនាក់ដែលបានផ្ញើអត្ថបទចូលរួមកម្មវិធីប្រកួតនេះ។ បេក្ខជនទាំង១០រូបនេះមកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ចំនួន៣រូប វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ១រូប វិទ្យាល័យដុនបូស្កូ ១រូប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១រូប សាកលវិទ្យាល័យស្វាយរៀង១រូប សាកលវិទ្យាល័យអន្តរជាតិឌូវី ១រូបសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ១រូប និងអ្នកនិពន្ធឯករាជ្យ ១រូប៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង