ចំណាយថវិកាអស់ទ្ទង់លានដុល្លារសាងសង់ស្ថានីយស្រាវជ្រាវបង្កាត់ពូជត្រីនៅខេត្តស្ទឹងត្រែង
TNM(ខេត្តស្ទឹងត្រែង) : បង្កើតស្ថានីយ៍ស្រាវជ្រាវនិងបង្កាត់ពូជត្រី ត្រូវបានចំណាយថវិកាអស់ខ្ទង់លានដុល្លារអាមេរិក ដោយអាចទាញយកកូនត្រីពូជ បានមកវិញប្រមាណជា3លានកូនឡើងទៅ នៅក្នុងមួយឆ្នាំ ។ ស្ថានីយស្រាវជ្រាវនិងបង្កាត់ពូជត្រីនេះ បានធ្វើការសាងសង់ឡើង ស្ថិតនៅក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមការលើកឡើងពី លោកទុំ នីរ៉ូ ប្រធានស្តីទីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ដែលទើបនឹងឡើងតំណែងថ្មីនេះៗ បានឲ្យដឹងថា ស្ថានីយ៍ស្រាវជ្រាវនិងបង្កាត់ពូជត្រី គឺជាប្រវត្តិសាស្ត្រដំបូងគេ ដែលបានបង្កើត ឡើងនៅលើទឹកដីខេត្តស្ទឹងត្រែង ដោយកំពុងធ្វើការសាងសង់លើផ្ទៃដី10ហិកតា វាអាចបង្កាត់ពូជត្រីបានចាប់ពី 3 លានកូនត្រីឡើងទៅ ក្នុងមួយឆ្នាំ។ ហើយជាគម្រោងសាងសង់បង្កាត់ត្រីមេពូជជាលើកដំបូងបានធ្វើឡើងបន្ទាប់ពីផលត្រីទឹកសាបនៅលើទឹកដីខេត្តស្ទឹងត្រែង កង្វះតម្រូវការសម្រាប់ទទួលទាននិងចែកចាយនៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ឃើញថាកាលពីមុនខេត្តស្ទឹងត្រែង គឺសម្បូរត្រីខ្លាំងណាស់ ដោយសារតែសម្បូរទៅដោយដងទន្លេធំៗ ចំនួនបួន និងមានកោះ ព្រមទាំងព្រៃលិចទឹក ថ្ម និងមានអន្លង់ជ្រៅ។
ប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានប្រាប់បន្តថា ដោយសារមានកត្តាកើនឡើងរបស់មនុស្ស ចង់បំពេញតម្រូវការយកមកទទួលទានច្រើនលើសលុប ធ្វើឲ្យចំនួននេសាទកាន់តែកើនឡើងជារៀងរាល់ឆ្នាំ គួបផ្សំនិងមនុស្សបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ រួមនិងមានការបម្រែបម្រួលអាកាសធាតុ។មានការប្រែប្រួលរបបទឹកហូរតាមដងទន្លេធ្វើឲ្យមិនទៀងទាត់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាមូលហេតុបណ្ដាលឱ្យធនធានត្រីថយចុះយ៉ាងខ្លាំង។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវផែនការសាងសង់ស្ថានីយ៍ស្រាវជ្រាវនិងផលិតកូនត្រីពូជ នៅខេត្តស្ទឹងត្រែង លើផ្ទៃដីមានទំហំ 10ហិកតា ដែលត្រូវចំណាយថវិការប្រមាណ ជា 1,7លានដុល្លារអាមេរិក។ ជាថវិកាហិរញ្ញប្បទានពីធានាគារពិភពលោក រួមជាមួយនឹងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ នៅដំណាក់កាលទី3 សមាសភាគទី1។
សូមបញ្ជាក់ថាស្ថានីយ៍ស្រាវជ្រាវនឹងបង្កាត់ពូជត្រីខាងលើនេះ មានសំណហេដ្ឋារចនាសម្ព័ន្ធមួយចំនួននឹងត្រូវបានសាងសង់ រួមគ្នាក្នុងបរិវេណតែមួយរួមមាន រោងភ្ញាស់កូនត្រី រោងបំប៉នកូនត្រី អគារពិសោធន៍ អគារឃ្លាំង អគារស្នាក់នៅ អគារបណ្តុះបណ្តាល និងបណ្ណាល័យ រោងបូមទឹក ស្រះបំប៉នកូនត្រី ស្រះចិញ្ចឹមត្រីសាច់ ស្រះត្រីមេពូជ ស្រះស្តុកទឹកកខ្វក់ ស្រះស្តុកទឹកសម្រាប់ផ្គត់ផ្គង់ និងប្រព័ន្ធបង្ហូរទឹកជាដើម។ល។
អតីតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានជម្រុញឲ្យប្រជាពលរដ្ឋ ធ្វើវារីវប្បកម្ម ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ។ ធ្វើបែបនេះវាមានសារៈសំខាន់គឺកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើត្រីពីធម្មជាតិ ដែលជាធនធាន ដោយមិនអាចបន្តការផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋតទៅទៀតបានឡើយ។
ក្នុងនោះលោកទុំ នីរ៉ូ ប្រធានស្តីទីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងដែលជាអតីតនាយខណ្ឌជលផលខេត្តបានបញ្ជាក់ថា សព្វថ្ងៃនេះធនធានត្រីទឹកសាបត្រូវបានដឹកចេញពីខេត្តស្ទឹងត្រែង យកទៅចែកចាយនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបំពេញតម្រូវការម្ហូបអាហារនៅលើពិភពលោក។លោកប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នា មិនអាចពឹងតែលើត្រីធម្មជាតិបានទេ គឺមានតែការជំរុញពីថ្នាក់ដឹកនាំរួមនឹងមន្ត្រីជំនាញឲ្យបងប្អូនប្រជាពលរដ្ឋចេះធ្វើវារីវប្បកម្ម៕
(ពុទ្ធា ស្ទឹងត្រែង)