ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ ក្រសួងការពារជាតិ បានឯកភាពផ្ដល់នូវកម្លាំងកងអង្គរក្សជាង ១ពាន់នាក់ ដល់គណៈកម្មការបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រាប់ហ្វឹកហាត់ត្រៀមសម្ដែងទស្សនីយភាព អបអរសាទរពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី៣ នាចុងខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទ ដែលត្រៀមចូលរួមសម្ដែងអបអរសាទរពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី៣ នាចុងខែវិច្ឆិកាខាងមុខ និងពិធីបើក-បិទព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែតុលា នាទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាប្រធានគណៈកម្មការបើក-បិទ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិភាក្សាពីការរៀបចំនូវកម្លាំងកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមការងារជំនាញ ដើម្បីដាក់ចេញនូវកម្លាំងពិត ទីកន្លែងច្បាស់លាស់ និងការរៀបចំកម្មវិធី ពិសេសសមាសភាពគ្រប់គ្រាន់ សម្រាប់ធ្វើការហ្វឹកហាត់។ ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទ គាំទ្រពេញទំហឹងតាមតម្រូវការរបស់គណៈកម្មការរៀបចំ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា ជាជំហានដំបូង ដំណាក់កាលទី១ គឺត្រូវការ ១,០៥០នាក់ សម្រាប់ចាប់ផ្ដើមការងារហ្វឹកហាត់ ហើយជាង ១ពាន់នាក់នេះ ត្រូវបានក្រសួងការពារជាតិ តាមរយៈកិច្ចប្រជុំនេះ បានឯកភាពឲ្យយកកម្លាំងរបស់កងអង្គរក្សតែម្ដង ដែលជាកងកម្លាំងរៀបរយស្រេច កម្លាំងមានការហ្វឹកហាត់ក្បាច់គុនស្រេច មកធ្វើការរៀបចំ។ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា បន្ទាប់ពីទទួលបានការឯកភាពនេះ ក្រុមការងារគណៈកម្មការបើក-បិទរបស់ CAMSOC គ្រោងនឹងទៅជួបសម្ដែងការគួរសមផ្ទាល់ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងអង្គរក្ស ក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការចង្អុលបង្ហាញ និងការផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមការងារ ក្នុងការរៀបចំការហ្វឹកហាត់នៅកងអង្គរក្សតែម្ដង។ ក្នុងនោះមានគ្រូបង្គោលចំនួន ៥០នាក់ នឹងត្រូវចាត់ចែងផ្ទាល់ដោយបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីបង្ហាត់ និងការត្រៀមសម្ដែងនូវទស្សនីយភាព ស្គរជ័យអរិយធម៌ខ្មែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា ការធ្វើការងារក្នុងពេលនេះ យើងមានស្មារតីរួមល្អណាស់ ដោយសារការយោគយល់គ្នា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែជំរុញថា អ្វីដែលគួរធ្វើ ត្រូវតែជំរុញ ហ្មត់ចត់និងឲ្យមានរបៀបរៀបរយ។ សូមបញ្ជាក់ថា កីឡាជាតិ លើកទី៣ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ រីឯព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជាវិញ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង