អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោល ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន
សៀមរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២–ប្រាសាទខ្នារផ្ទោលត្រូវបានសាងសង់ឡើងអំពីឥដ្ឋនិងថ្មបាយក្រៀម ដែលមានចំនួន២ប៉ម ដោយប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នាពីជើងទៅត្បូង នៅលើរចនាសម្ព័ន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។ ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំជននៃស្រុកវ៉ារិន។ កន្លងមកការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ។ ហេតុដូច្នេះហើយ បច្ចុប្បន្នគេសង្កេតឃើញថា រចនាសម្ព័ន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហាទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ព័ន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។ នេះបើយោងតាមកាឱ្យដឹងពីសំណាក់អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។ លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃច័ន្ទ ១៥កើត ខែអាស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ថា អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម័្ពន្ធឥដ្ឋដោយផ្នែកៗ ។ លោក តាន់ សុផល បានឱ្យដឹងទៀតថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងឈ្វេងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ និងប្រវត្តិនានាទាក់ទងទៅនឹងសិល្បៈ នៃការសាងសង់ប្រាសាទនេះឡើងនាសម័យអតីតកាល។ លោក តាន់ សុផល បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ មួយផ្នែកត្រង់រចនាសម័្ពន្ធរបស់ខ្លោងទ្វារខាងកើត នៃប៉មខាងត្បូង រួមមាន៖ ផ្តែរ សសរពេជ្របានរលុះចេញពីទីតាំងដើម ដោយសារកត្តាធម្មជាតិ។ ចំណែកស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះនាពេលបន្ទាប់ខាងមុខ។ ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេក ទេសទល់ទ្របណ្តោះអាសន្ន នៅត្រង់ខ្លោងទ្វារខាងកើត គឺក្នុងបំណងកាត់បន្ថយរាល់ហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់ សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែង ក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។ លោកអនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរ នៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២ បន្ទាប់ពីធ្វើការទល់ទ្របឋមរួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុលសសរពេជ្រ ដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងថ្មផ្តែរ ដាក់នៅត្រង់ទីតាំងដើមវិញ ក្នុងស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរ នៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។ ការសិក្សាលម្អិតអំពីប្រវត្តិសាស្រ្ត នៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តន៍ដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀត សម្រាប់ជាអំណះអំណាង បញ្ជាក់អំពីប្រវត្តិនៃសំណង់ពិតប្រាកដ ៕សម្រួលដោយ ទៀង បុណ្ណរី