ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទស្សនាកម្មវិធីអុំទូកនៅក្នុងខេត្តកំពង់ចាមនាថ្ងៃទី១០ ខែតុលានេះ

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទស្សនការប្រណាំងទូកនៅក្នុងខេត្តកំពង់ចាមនាថ្ងៃទី១០ ខែតុលានេះ ហើយម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងបន្ទាប់ពីពិធីនេះបានអាក់ខានប្រារព្ធឡើងរយៈពេល៥ឆ្នាំមកហើយ ។  លោក ពី សុភាព ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះដែលមកចូលរួមក្នុងពិធីប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិក្នុងខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុននៅក្នុងខេត្តកំពង់ចាមតែងតែមានប្រារព្ធពិធីអ៊ុំទូកជាប្រចាំ ដែលបានបង្កភាពសប្បាយរីករាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត និងនៅតាមបណ្ដាខេត្តជិតខាងផងដែរ ។ លោកបានបន្តថា បើទោះបីជាលោកជាអ្នករស់នៅក្នុងខេត្តផ្សេងក៏ពិតមែន ប៉ុន្តែលោកពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលអាជ្ញាធរខេត្តកំពង់ចាមបានរៀបចំពិធីប្រណាំងទូកនេះឡើង ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះខ្ញុំជាអ្នកចូលចិត្តការប្រណាំងទូកម្នាក់ដែលឱ្យតែមានការប្រណាំងទូកម្ដងៗខ្ញុំតែងតែមកចូលរួមគាំទ្រណាមួយឃើញមានការរៀបចំស្អាតជាងកន្លែងផ្សេងៗជាពិសេសអាជ្ញាធរមានការរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរ» ។ ក្នុងនោះ លោកបានបន្តទៀតថា ចំពោះការរៀបចំហេដ្ឋារចនាសម្ពន័្ធ សួនច្បារ ការតុបតែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ការរៀបចំធុងសំរាម ការការពារសន្តិសុខ ជាដើម គឺឃើញថាមានភាពល្អប្រសើរ ។ លោកស្រី នី ស្រីអូន រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលអាជ្ញាធរខេត្តបានរៀបចំពិធីប្រណាំងទូកនៅក្នុងឆ្នាំនេះ បន្ទាប់ពីអាក់ខានជួបជុំសប្បាយរីករាយបែបនេះ អស់ជាច្រើនឆ្នាំមកហើយ ។  ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកមើលការប្រណាំងទូកង នេះដោយសារតែមានការអាក់ខានប៉ុន្មានឆ្នាំកន្លងទៅជាពិសេសគឺមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតដែលជាភាពទាក់ទាញ ។ សូមបញ្ជាក់ថា ទូកដែលនឹងមកចូលរួមប្រណាំងនៅក្នុងខេត្តកំពង់ចាមនេះ សរុប ចំនួន ៤៥ទូក ក្នុងនោះមានទូក ង និងទូកខ្នាតអន្តរជាតិ ។ ពិធីអ៊ុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។ ដោយឡែកចំពោះកម្មវិធីតាំងពិព័រណ៍ និងការប្រគុំតន្ត្រីខ្នាតធំ បានដំណើរការពីរសៀលថ្ងៃទី៩ ខែតុលា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង