ប្រទះឃើញបំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័ន កប់ក្នុងដីចំនួន១
ខេត្តសៀមរាប៖ កាលថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។ លោក ឈូក សុម៉ាឡា សន្និដ្ឋានថា បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ បន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។ ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕ ដកស្រង់ពីអត្ថបទអាជ្ញាធរអប្សា៕ រាយការណ៍ដោយ TNMសៀមរាប សម្រួលដោយ ទៀង បុណ្ណរី