រឹបអូសបានម៉ូតូជាង 30 គ្រឿងពីកន្លែងទទួលបញ្ចាំ នៅក្នុងក្រុងស្ទឹងត្រែង សមត្ថកិច្ចប្រកាសឲ្យម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់

ខេត្តស្ទឹងត្រែងៈ  នគរបាលខេត្តស្ទឹងត្រែងបានរឹបអូសម៉ូតូចំនួន 34 គ្រឿង ពីកន្លែងទទួលបញ្ចាំម៉ូតូ មានចំនួន 6 ទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ក្រោយរឹបអូសបាន ធ្វើការដឹកជញ្ជូនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យម្ចាស់យកឯកសារ ពាក់ព័ន្ធទៅផ្ទៀងផ្ទាត់ ឃើញថាត្រឹមត្រូវ ទើបប្រគល់ឱ្យម្ចាស់យកត្រឡប់ទៅវិញ។ លោក ទូច តារា ស្នងការរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2022 នេះ ឱ្យដឹងថា លោកបានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរក្រុង និងមានការសម្របសម្រួលចូលរួមពីស្ថាប័នអយ្យការអម សាលាដំបូងខេត្ត បានចុះធ្វើការត្រួតពិនិត្យទៅតាមគោលដៅទទួលបញ្ចាំម៉ូតូ នៅក្នុងក្រុងស្ទឹងត្រែង ដែលមានចំនួន 6 ទីតាំង ដើម្បីស្វែងរកឯកសារពីអ្នកទទួលបញ្ចាំមកធ្វើការផ្ទៀងផ្ទាត់ ក្នុងនោះ មានម៉ូតូចំនួន 34 គ្រឿង ដែលបានរឹបអូស ពីកន្លែងទទួលបញ្ចាំនោះ រួចក៏បានដឹកជញ្ជូនម៉ូតូយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ ដើម្បីប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតូ បានបាត់កន្លងមក ឱ្យពួកគាត់យកឯកសារដែលមានមកផ្ទៀងផ្ទាត់ និងបានត្រឹមត្រូវ ទើបប្រគល់ម៉ូតូឲ្យម្ចាស់យកត្រឡប់ទៅវិញ។ ដោយឡែកម៉ូតូមួយណាដែលរកម្ចាស់មិនទាន់ឃើញ នគរបាលជំនាញនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។(ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀប បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង