រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រទេសអាល្លឺម៉ង់ បន្តការគាំទ្រដល់ការងារបោសសម្អាតមីន និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រទេសអាល្លឺម៉ង់ បន្តការគាំទ្រដល់ការងារបោសសម្អាតមីន និង ដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដើម្បីស្របតាមផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥ ។ ថ្លែងក្នុងពិធីប្រារព្ធទិវាឯកភាពជាតិអាល្លឺម៉ង់ ទី៣២ ដែលបានប្រារព្ធឡើងនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត អាល្លឺម៉ង ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានវាយតម្លៃខ្ពស់ ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលចាប់តាំងពី ការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួល អាកាសធាតុ និងការថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លើសពីនេះ ក្នុងនាមជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាល្លឺម៉ង់បានបន្តរួមចំណែកយ៉ាងសកម្ម ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។ ឯកឧត្ដមទេសរដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់តម្លៃដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាល ជាមួយប្រទេសអាល្លឺម៉ង់ ដែលបានរីកចម្រើនលើគ្រប់វិស័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅរួម និងផលប្រយោជន៍រួមរបស់ប្រជាជន និង ប្រទេសទាំងពីរ។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជា ម្ចាស់ជំនួយដ៏សំខាន់មួយ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំ ហើយបានសន្យាថានឹងគាំទ្រ ដល់អង្គការ Halo Trust រហូតដល់ឆ្នាំ ២០២៤។ ឯកឧត្ដមទេសរដ្ឋមន្រ្តីបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៤ ដែលមានរយៈពេល២៨ឆ្នាំនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា លើវិស័យបោស សម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ដើម្បីចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើឱ្យប្រទេសអាល្លឺម៉ង់ បន្តការគាំទ្រ ដល់ការងារ បោសសម្អាតមីន និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ។ ក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងអំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូសកម្មភាពមីនដទៃទៀតរបស់កម្ពុជារួមមាន អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវេស ស្វីស ចិន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ កាណាដា អៀរឡង់ ឥណ្ឌា ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជន ឱ្យបន្តចូលរួមចែករំលែកនូវទស្សនៈវិស័យ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌៕សម្រួលដោយ ទៀង បុណ្ណរី