ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលកន្លែងប្រារព្ធពិធីប្រណាំងទូក ង ក្នុងក្រុងកំពង់ចាម
នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តរួមជាមួយថ្នាក់ដឹកនាំក្នុងជួរថ្នាក់ ដឹកនាំខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត បានចុះទៅពិនិត្យកន្លែងប្រារព្ធពិធី ប្រណាំងទូក ង ដែលនឹងប្រារព្ធនៅថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ ជាថ្ងៃបុណ្យចេញព្រះវស្សា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកែលម្អ វេទិកាប្រារព្ធ ឱ្យមានសោភណភាពល្អដើម្បី ទទួលថ្នាក់ដឹកនាំជាភ្ញៀវមកចូលរួមក្នុងកម្មវិធី និងធ្វើការសម្អាតច្រាំងទន្លេតាមបណ្តោយ ជាប់ទីក្រុង ពិសេសនៅកន្លែងប្រារព្ធពិធីដើម្បីបង្កើតការងាយស្រួលសម្រាប់ប្រជាពលរដ្ឋ យើងចូលរួមទស្សនាការប្រណាំងទូក ង របស់យើងហើយនៅទីក្រុង ទាំងមូលត្រូវរៀបចំឱ្យ មានសោភណភាព បរិស្ថានល្អ ស័ក្ដិសម ជាទីក្រុងបេះដូងរបស់ខេត្ត ដែលទទួលបាននូវ ផ្ការំដួល៣ទងនោះ។ សូមបញ្ជាក់ថា ក្នុងថ្ងៃប្រារព្ធពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ចាម និងមានរៀបចំពិធីប្រណាំងទូក ង ទាំងខ្នាតជាតិ និងអន្តរជាតិ និងមានការបណ្ដែតប្រទីប អុជកាំជ្រួច ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយតាមបណ្តោយដងទន្លេមេគង្គ នៅមុខវត្តទស្សនាតាមជ្រោយថ្ម ហៅវត្តជ្រោយថ្ម ក្នុងទីក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ ពិធីនេះប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ និងការប្រគំតន្ត្រីសម្រាប់បងប្អូន មកចូលរួមរួមទស្សនាកម្សាន្តសប្បាយ និងទិញផលិតដែលផលិតក្នុងខេត្តរបស់យើងផង៕សម្រួលដោយ ទៀង បុណ្ណរី