អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទំនប់ដូនទ្រី
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទំនប់ដូនទ្រី ដែលស្ថិតក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានឱ្យដឹងថា គម្រោងសាងសង់ទំនប់ដូនទ្រីក្នុង ខេត្តបាត់ដំបង ក្រោមជំនួយរបស់ភាគីកូរ៉េ មកទល់ពេលនេះសម្រេចសាងសងើបានក្នុងរង្វង់ ៦០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ លោកប្រធានមន្ទីរបន្ដថា ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់គីឡូម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ ម៉ឺន ហិកតា នៅក្នុងខែវស្សា និង ខែប្រាំងចំនួន ២ ម៉ឺនហិកតា។ គួរជម្រាបជូនថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុង ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយក្រោយពេលបញ្ចប់ការកសាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សង្ឃឹមថា ទំនប់ទឹកនេះនឹងជួយដោះស្រាយបញ្ហាទឹកនៅក្នុងតំបន់កាន់តែល្អប្រសើរ៕ (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង) សម្រួលដោយ ទៀង បុណ្ណរី