កំពុងធ្វើចត្តាឡីស័ក បែរជាដើរចល័តជាច្រើនកន្លែងទៅវិញ ត្រូវបានអាជ្ញាធរ ចាប់ផាកពិន័យចំនួន២លានរៀល
TNM(ព្រះសីហនុ)៖ បុរសម្នាក់ដែលអនុវត្តមិនត្រឹមត្រូវពេលធ្វើចត្តាឡីស័កក្នុងផ្ទះខ្លួនឯង ដោយបានចេញដើរចល័តច្រើនកន្លែងក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងរដ្ឋបាលខេត្តព្រះសីហនុ ចាប់ផាកពិន័យចំនួន២លានរៀល នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ។
ជាមួយគ្នានឹងការពិន័យនេះ អាជ្ញាធរក៏បានព្រមានបន្ថែមពីវិធានការក្តៅបន្តទៀត ក្នុងករណីមិនអនុត្តត្រឹមត្រូវពេលធ្វើចត្តាឡីស័ក ។
មន្ត្រីដែលចុះផាកពិន័យ បានអោយដឹងថា បុរសរូបនេះឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដាក់អោយធ្វើចត្តាឡីសក័ដោយខ្លួនឯងនៅក្នុងផ្ទះ៕