ក្រសួងកិច្ចការនារីបង្ហាញលេខទូរស័ព្ទពីរខ្សែដើម្បីជួយអន្តរាគមន៍ស្ត្រីរងគ្រោះ និង រងភាពអយុត្តិធម៌

 ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២-ក្រសួងកិច្ចការនារីបានបង្ហាញលេខទូរស័ព្ទចំនួនពីរខ្សែជូនដល់សាធារណជន ជាពិសេសស្ដ្រីដែលរងនូវអំពើអយុត្តិធម៌ ការបៀតបៀនផ្សេងៗ ដើម្បីងាយស្រួលសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកិច្ចការនារី” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានគូសបញ្ជាក់ថា លេខទូរស័ព្ទពីរខ្សែនោះរួមមាន ០៩៣ ៧៧៧ ៩០០ និង ០៨៥ ៧៧៧ ៩០០ ឬក៏អាចទំនាក់ ទំនងដោយផ្ទាល់ទៅកាន់លេខ Hotline របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។លោកជំទាវបន្តថា ក្រៅពីលេខទូរស័ព្ទដែលបានបង្ហាញជូននេះ ជនរងគ្រោះដែលត្រូវការជំនួយអន្ដរាគមន៍ ក៏អាចទំនាក់ទំនងទៅកាន់ក្រសួងកិច្ចការនារីដោយផ្ទាល់ក៏បានដូចគ្នាផងដែរ ឬក៏អាចសុំជំនួយអន្ដរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។ លោកជំទាវរដ្ឋមន្ដ្រីបានលើកឡើងថា កន្លងទៅការប្រើប្រាស់ បណ្ដាញសង្គមពិ តជាជួយបានច្រើន ក្នុងការឱ្យក្រសួងបានទទួលនូវព័ត៌មានស្ដីពីការសុំជំនួយផ្សេងៗ ប៉ុន្ដែក្នុងនោះក៏មានព័ត៌មានខ្លះ ជាការប្រឌិតក្នុងចេតនាមិនល្អដូចគ្នាផងដែរ។ ជាមួយគ្នានេះ លោកជំទាវបានបន្ថែមថា នៅពេលទទួលបានព័ត៌មានផ្សេងៗ ក្រសួងកិច្ចការនារី ត្រូវធ្វើការស្រាវជ្រាវស្វែងរកប្រភពឱ្យបានច្បាស់លាស់ជាមុន ដើម្បីងាយស្រួលក្នុងការជួយអន្ដរាគមន៍ ហើយមិនមែនគ្រប់រឿងសុទ្ធតែអន្ដរាគមន៍ដោះស្រាយបានលឿននោះទេ។ លោកជំទាវរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖«ភាគច្រើនសាធារណជនលោកចង់ឃើញថា ក្រសួងអន្ដរាគមន៍ភ្លាមៗក្នុងរយៈពេល២៤ម៉ោង ប៉ុន្ដែយើងមិនអាចនោះទេ ព្រោះការស្វែងរកយុត្តិធម៌ត្រូវតែមានការស្រាវជ្រាវពិតប្រាកដសិន។ យើងអន្ដរាគមន៍ក្នុងការស្រាវជ្រាវសិន ទំនាក់ទំនងជាមួយសមត្ថកិច្ច ពិសេសជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិមុន ដើម្បីកំណត់ថា តើបញ្ហានេះកើតមានឬអត់ ពេលខ្លះគេប្រឌិតតែម្ដង»។ ទាក់ទិននឹងករណីសុំជំនួយអន្ដរាគមន៍ផ្សេងនេះវិញ លោកស្រី ស ស៊ីណែត អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារីបានលើកឡើង ដែរថា បច្ចុប្បន្ននេះការស្វែងរកជំនួយអន្ដរាគមន៍ភាគច្រើនស្ដ្រី ក៏ដូចជាជនរងគ្រោះផ្ទាល់ បានធ្វើឡើងតាម រយៈបណ្ដាញសង្គម ឬរត់នៅរកអាជ្ញាធរមូលដ្ឋានដែលនៅជិត ប៉ុន្ដែសុទ្ធតែត្រូវការ ប្រើប្រាស់ពេលវេលា មិនមែនភ្លាមៗតាមចិត្តរបស់ជនរងគ្រោះនោះទេ។ លោកស្រីបានបន្ដទៀតថា យន្ដការដែលក្រសួងកិច្ចការនារីដែល បានធ្វើការឆ្លើយ តបសំខាន់បំផុត គឺក្រសួងមានក្រុមការ ងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាដែលពាក់ ព័ន្ធនឹងស្ដ្រី ដែលមានចាប់ពីថ្នាក់ក្រសួង រហូតដល់ថ្នាក់ស្រុក ព្រមទាំងលេខទូរស័ព្ទ HelpLine ផងដែរ។ ទន្ទឹមនេះ តាមរយៈការដាក់ចេញនូវលេខទូរស័ព្ទ ដើម្បីផ្ដល់ជំនួយអន្ដរាគមន៍នេះ គឺបង្កលក្ខណៈងាយស្រួលដល់ជនរងគ្រោះ និងធានាដល់សុវត្ថិភាពរបស់ពួកផងដែរ។ លោកស្រីក៏បានបញ្ជាក់ថាក្នុងរយៈពេល២ឆ្នាំ (២០១៩-២០២២) ក្រសួងកិច្ចការនារី មានស្ត្រីជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ ចំនួន ៣១ ១៥៣ ករណី បានទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ផ្លូវចិត្ត សម្របសម្រួលរកមេធាវី រៀបចំពាក្យបណ្តឹង អន្តរាគមន៍ សម្របសម្រួលបញ្ជូនបន្ត និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និងតាមអនឡាញ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង