គ្រូគុយបា២រូប ចុះកុងត្រាផ្លូវការជាមួយក្រុមបាល់ទាល់ទះកម្ពុជាទាំងក្នុងសាល និងឆ្នេរខ្សាច់រហូតដល់ចប់ស៊ីហ្គេម ឆ្នាំ២០២៣

សហព័ន្ធកីឡាបាល់ទះកម្ពុជាបានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការ ជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបាទាំង២រូបជាផ្លូវការ កាលពីចុងសប្តាហ៍នេះ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក។ ការចុះកិច្ចសន្យានេះធ្វើឡើង នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងវិមាន ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរក៏មានការចូលរួមជាសាក្សីពីពីសំណាក់មន្រ្តីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាមួយចំនួន ជាពិសេសមានការចូលរួមរបស់លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជាផងដែរ ។ លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas ដែលជាអ្នកគ្រប់គ្រងរបស់គ្រូបង្វឹកទាំង២ សុទ្ធតែតាំងចិត្តនឹងចូលរួមជាធ្លុងមួយជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីប្រជែងយកជ័យជម្នះ ក្នុងប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសគឺដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ភាគីគុយបា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធ ដែលបានជួយសម្របសម្រួលការរស់នៅ និងធ្វើការងាររបស់ខ្លួននៅលើទឹកដីកម្ពុជា ជាពិសេសតាមរយៈការប្រឹងប្រែងលើឆាកអន្តរជាតិ របស់ឯកឧត្តម ជា ពៅ អគ្គលេខាធិ ការរងសហព័ន្ធ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ លោកជំទាវអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ពេលនេះ យើងបានសម្រេចចុះកិច្ចសន្យាជាមួយនឹងលោក លោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស។ លោកបណ្ឌិតបន្ថែមថា ក្រោយយើងធ្វើតេស្តសាកល្បង ពិនិត្យលើការផ្តល់តិចនិច និងទស្សនវិស័យមួយចំនួន ស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបុងរបស់កម្ពុជា។ «ប៉ុន្តែអ្វីៗការប្រកួតលើទីលាន វាមិនស្រួលយើងនិយាយនោះទេ តើជាក់ស្តែងយើងធ្វើបានកម្រិតណា? ហើយខ្ញុំជឿជាក់ថា ការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះ មកជួយយើងឱ្យមានសង្ឃឹមកាន់តែច្រើនក្នុងការប្រជែងយកមេដាយមាស»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា «ខ្លឹមសារនៃកិច្ចសន្យាបើកទូលាយដែរ ដោយយើងទទួលគាត់ជាគ្រូបង្វឹកទាំងបាល់ទះឆ្នេរខ្សាច់ក្តី បាល់ទះក្នុងសាលក្តី រយៈពេល១ឆ្នាំ បើងាកមើលទៅក្រោយស៊ីហ្គេមឆ្នាំ២០២៣ ចប់រយៈ៣ខែទើបផុតកិច្ចសន្យា។ តែក្នុងនោះយើងចង់បន្តកិច្ចសន្យា ត្រូវជូនដំណឹងគ្នារយៈពេល៣ខែមុន ប៉ុន្តែបន្ត ឬមិនបន្តគឺអាស្រ័យលើគុណផល ដែលគាត់មកបង្វឹកក្រុមកីឡាកររបស់យើង ឈានទៅមុខដល់កម្រិតណា។ បើសិនសម្ទុះខ្ពស់ ចាំបាច់ត្រូវតែបន្ត ដើម្បីពង្រឹងឱ្យវិស័យបាល់ទះយើង កាន់តែរីកចម្រើនទៅមុខ»។ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជាខាងលើបន្តថា «បច្ចុប្បន្ននេះទេពកោសល្យរបស់កីឡាករយើងមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងរបៀបមួយចំនួន ពេលខ្លះអ្វីដែលគ្រូចិន (Li Jun) ជាគ្រូធំមាន ខាងគ្រូខ្មែរ ឬគ្រូគុយបាអត់មាន ហើយរឿងខ្លះអ្វីដែលគ្រូគុយបាមានគ្រូចិន ឬគ្រូខ្មែរអត់មាន ហើយអ្វីដែលគ្រូទាំង២អត់មាន តែគ្រូខ្មែរមាន។ ដូច្នេះហើយយើងជឿជាក់ថា សមត្ថភាពគ្រូទាំង៣ដាក់បញ្ជូលគ្នា យើងជឿជាក់ថាចន្លោះប្រហោងរបស់កីឡាករយើង មើលឃើញកាន់តែតូចៗទៅហើយ ព្រោះថាចំណុចខ្វះខាតបានបំពាក់បំប៉នបន្ថែម។ អីចឹងរយៈពេល៨ ឬ៩ខែចុងក្រោយនេះ យើងជឿជាក់ថា លោកគ្រូៗអាចពង្រឹកគុណផលកីឡាករបាន ដូចអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន»។ ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបា សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងតែទាក់ទង តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ឱ្យមានការរៀបចំការប្រកួតមិត្តភាពរវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាផងដែរ នៅអំឡុងខែតុលាខាងមុខនេះ ពោលគឺស្របពេលនឹងការរៀបចំពានរង្វាន់បាល់ទះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បន្ថែមពីលើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិសិង្ហបុរី ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង