ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ១៩ជិត២ពាន់នាក់ក្នុង១ថ្ងៃ
TNM(ប្រេស៊ីល) ៖ ក្រសួងសុខាភិបាលប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃពុធថាមានការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១,៩១០នាក់ និងឆ្លង៧១,៧០៤ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
វាជាថ្ងៃទីពីរជាប់គ្នា ដែលប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ខ្ពស់បំផុត។ វិទ្យាស្ថានសុខភាពសាធារណៈ Fiocruz បានឲ្យដឹងថា “នេះជាលើកទីមួយហើយចាប់តាំងពីជំងឺរាតត្បាតចាប់ផ្តើម ដែលយើងមើលឃើញរឿងអាក្រក់នៅទូទាំងប្រទេស។ ស្ថានភាពឲ្យភ័យខ្លាច”។
កាលពីថ្ងៃពុធ អភិបាលរដ្ឋ Sao Paulo លោក Joao Doria បានប្រកាសថា ការបិទរដ្ឋរយៈពេល២សប្តាហ៍ នឹងចូលជាធរមាននៅថ្ងៃសៅរ៍ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ លោក Doria និយាយថា “មនុស្សជាង១,០០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅប្រេស៊ីល។ វាដូចជាការធ្លាក់យន្ដហោះ៥គ្រឿងក្នុងមួយថ្ងៃ”៕