កសិករនៅខេត្តបាត់ដំបងរកចំណូលបានគាប់ប្រសើពីការលក់គល់ស្លឹកគ្រៃស្រស់
កសិករខេត្តបាត់ដំបង អាចលក់គល់ស្លឹកគ្រៃស្រស់បានច្រើន ចន្លោះពី ១តោនទៅ២តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលទទួលបានប្រាក់ចំណូល ជាច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាព ក្រុមគ្រួសារ។ លោក ញ៉ សុភាព ជាកសិករដាំស្លឹកគ្រៃស្ថិតក្នុង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានប្រាប់ TNM TV ONLINE ថា លោកបានដាំស្លឹកគ្រៃរយៈពេលជិត២ឆ្នាំមកហើយ ដោយលោកជាអ្នកដាំ ផ្ទាល់ផង និងប្រមូលទិញពីសមាជិកនៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ដែលមានផ្ទៃដី សរុបប្រហែល៤០ហិកតា។ លោកបានបន្ដថា គល់ស្លឹកគ្រៃស្រស់របស់លោក អាចលក់បាន ចន្លោះពី១តោនទៅ២តោនក្នុងមួយថ្ងៃទៅកាន់រាជធានីភ្នំពេញ ដោយក្នុង១គីឡូបានតម្លៃចន្លោះពី ៨រយរៀល ទៅ១ពាន់រៀល។ «ទាក់ទងជាមួយនឹងការដាំស្លឹកគ្រៃរបស់ខ្ញុំគឺរយៈពេលជាងមួយឆ្នាំកន្លះ ហើយបានជា ខ្ញុំ មក លក់ស្លឹកគល់ស្រស់វិញដោយសារ ទី១ វាងាយស្រួលក្នុងការប្រមូលផល ទី២ តម្លៃរបស់ វាគឺអាចទទួលយកបានដែរ ហើយងាយស្រួលក្នុងការដឹកជញ្ជូន ហើយទី៣ គឺទាក់ទងទៅនឹង គល់ស្លឹកគ្រៃស្រស់គឺកំពុងមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសយើង»។ លោក សុភាព បានឱ្យដឹងថា ទាក់ទងជាមួយនឹងការដាំស្លឹកគ្រៃឱ្យបានល្អ គឺត្រូវកាត់គល់ ស្លឹកគ្រៃយកមកផ្សាំវារយៈពេល២ទៅ៣ថ្ងៃនៅក្នុងទឹក ដើម្បីឱ្យវាដុះឫស ហើយភ្ជួរដីឱ្យស្អាត បន្ទាប់មកទៀតត្រូវដាំចន្លោះពី១ម៉ែត្រទៅ១ម៉ែត្រក្នុងគុម្ពមួយ ដើម្បីឱ្យវាងាយស្រួលដាំ និង ទទួលបានទិន្នផលច្រើន បន្ទាប់មកទៀតត្រូវថែទាំរយៈពេល៤ខែ ទើបអាចប្រមូលផលបាន៕ សម្រួលដោយ ទៀង បុណ្ណរី