គ្រូបង្រៀនជាង៨ពាន់នាក់ទទួលបានការពង្រឹងសមត្ថភាពលើបច្ចេកទេសបង្រៀនតាមបែបឌីជីថល
គណៈគ្រប់គ្រង លោក គ្រូ អ្នកគ្រូ នៃវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញទូទាំងប្រទេសកម្ពុជា សរុបចំនួន ៨៤២១នាក់ ស្រី ៣៤៧១នាក់ បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា តាម រយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី១ (USESDP-I) និងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដើម្បីលើក កម្ពស់សមត្ថភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀនលើជំនាញអប់រំឌីជីថល។ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា វគ្គបណ្ដុះ បណ្ដាលនេះ មានសារសំខាន់សម្រាប់សិក្ខាកាមក្នុងការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការងារគ្រប់គ្រង ការងារបង្រៀនតាមបែបឌីជីថល ជំនួយដល់គ្រូបង្រៀនក្នុងការ គ្រប់គ្រងថ្នាក់រៀនពីចម្ងាយ តាមដានការសិក្សារបស់សិស្សានុសិស្ស ប្រើប្រាស់ធនធានអប់រំដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន បង្កើនភាពទាក់ទាញដល់សិស្សានុសិស្សក្នុងការ សិក្សាស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ ឆ្លើយតបឱ្យបានទាន់ ពេលចំពោះការរីកចម្រើនថ្មីនៃបច្ចេកវិទ្យាឌីជីថល។ ក្នុងដំណើរការវគ្គបណ្ដុះបណ្ដាល មានការស្ទាបស្ទង់មតិមុនការចាប់ផ្តើម និងក្រោយបញ្ចប់វគ្គ មានការរៀបចំប្រឡងបញ្ចប់តាមអនឡាញ ផ្តល់វិញ្ញាបន បត្របញ្ជាក់ការសិក្សា ដើម្បីធានាបាននូវគុណភាព និងបញ្ជាក់ពីសមត្ថភាពសិក្ខាកាមក្នុងការប្រើប្រាស់កម្មវិធីនានាដែលទទួលបានពីវគ្គបណ្ដុះ បណ្ដាល។ ការបណ្ដុះ បណ្ដាល នាយកសាលា គ្រូបង្រៀន លើជំនាញអប់រំតាមបែបឌីជីថល ជាការបោះជំហាន ស្របតាមកំណែទម្រង់វិស័យអប់រំតាមបែបឌីជីថល ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា វគ្គបណ្ដុះ បណ្ដាលនេះ បានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ ដោយមានការចូលរួមឧទ្ទេសដោយគ្រូឧទ្ទេសមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាល័យព្រះសីហនុ ខេត្តបាត់ដំបង វិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប៕សម្រួលដោយ ទៀង បុណ្ណរី