ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរម្លឹកដល់អាជ្ញាធរខេត្តព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀង
ខេត្តព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានក្រើនរម្លឹកដល់អាជ្ញាធរខេត្តព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះ សុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀង ខណៈដែលប្រជាពលរដ្ឋ ប្រមាណជាង៥០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព កាលពីរសៀលថ្ងៃទី២២ ខែសីហានេះ។ ប្រសាសន៍ក្រើនរម្លឹករបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងគ្រាដែលឯកឧត្តម បានធ្វើ ដំណើរតាមឧទ្ធម្ភាគចក្រ ១គ្រឿង ដើម្បីចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុង ជន់លិច នៅតាមស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ នៅក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពិនិត្យឃើញថា ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានបណ្តាលឲ្យមានការលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋជាង ១១គ្រួសារ ស្មើនឹងចំនួនមនុស្សជាង ៥០នាក់ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ។ ប្រជាពលរដ្ឋទាំងជាង ៥០នាក់ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនោះ ត្រូវបានអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ធ្វើការជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព បានទាន់ពេលវេលា គ្រាដែលទឹកជំនន់បាន ស្រកចុះ បន្តិចនៅថ្ងៃទី២២ បើធៀបនឹងថ្ងៃទី២១សីហា ។ នៅក្នុងការអមដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ភ្លៀងបានធ្លាក់នៅគ្រប់ក្រុង-ស្រុកទូទាំងខេត្ត ហើយបើគិតត្រឹមរសៀលថ្ងៃទី២២សីហា ល្បាយទឹកភ្លៀងមានកម្រិតពី ៤មីលីម៉ែត្រ ទៅ៤៥មីលីម៉ែត្រ ក្នុងនោះអាងទឹករក្សាមានកម្ពស់ ៤៣.៦០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ០.១០ម៉ែត្រ ។ ដោយឡែកកម្ពស់ទឹកស្ទឹងសែន នៅទីរួមខេត្តព្រះវិហារ មានកម្ពស់ ១០.៩០ម៉ែត្រ បើធៀបនិងថ្ងៃទី២១ ទឹកស្រុកចុះ ០.០២ម៉ែត្រ ខណៈកម្រិតទឹកដែលត្រូវប្រកាស អាសន្ន មានកម្ពស់ ១១.៥០ម៉ែត្រ ។ ឯកឧត្តមគីម រិទ្ធី បានបន្តថា ជំនន់ទឹកភ្លៀងបានស្រកនៅឃុំស្រអែម តែបានទៅជោរជន់លិចនៅឃុំកន្ទួត ស្រុកជាំក្សាន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ នៅភូមិស្រអែមខាងត្បូង ហៅភូមិប្រាសាទ១០។ រីឯប្រជាពលរដ្ឋ ដែលនៅជុំវិញទីទួលសុវត្ថិភាព ដែលមានកម្ពស់ ៣ម៉ែត្រពីទឹក ចំនួន ៦៩គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៩៦នាក់ ក្នុងនោះត្រូវបានជម្លៀស ១១គ្រួសារ ស្មើនឹង៥២នាក់ មកស្នាក់នៅក្នុង វត្តស្រអែម។ ចំណែក ក្រុង-ស្រុក ៧ទៀត ពុំទាន់មានផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅឡើយទេ ប៉ុន្តែ កម្លាំងអន្តរាគមន៍បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង នៅក្នុង ភូមិសាស្រ្តរៀងខ្លួនៗ ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម បានមានប្រសាសន៍ថា សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋ រងគ្រោះ ព្រមទាំងបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រីផ្ទាល់ ត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាក ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បី ចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការ យកចិត្តទុកដាក់ ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ ផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី