ក្រុមអ្នកតាមដានទន្លេមេគង្គ ចេញរបាយការណ៍ពីការសង្កេតបឋមនៃផលប៉ះពាល់ពី​ទំនប់វារី​អគ្គិសនី ទៅលើរំហូរទឹក កំណកកករ និងជលផល

ក្រុមអ្នកតាមដានទន្លេមេគង្គបានចេញរបាយការណ៍ពីការសង្កេតបឋមនៃផលប៉ះពាល់ពី គម្រោងទំនប់វារីអគ្គិសនីចំនួនពីរតាមដងទន្លេមេគង្គដ៏សំខាន់ជាងគេក្នុងតំបន់អាស៊ីអគ្នេយ៍ បាន​​បង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ តែក្នុងកម្រិតមធ្យម ទៅលើរំហូរទឹក កំណក​កករ និងជលផល។ នេះបើយោងតាមលទ្ធផលបឋមនៃរបាយការណ៍មួយ​របស់​គណៈកម្ម​ការ​​ទន្លេមេគង្គ )MRC)ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងរបាយការណ៍បានលើកឡើងថា ជាមួយនឹងទិន្នន័យតាមដានរយៈពេល​ប្រមា​ណ​មួយឆ្នាំ ក្រុមអ្នកអង្កេតយល់ថាវាលឿនពេកក្នុងការធ្វើសេចក្តីសន្និដ្ឋានជាក់​លាក់ណា​មួយ។ ក្រុមអ្នកអង្កេតដែលមានជាតិសាសន៍ចម្រុះដែលចូលរួមដំណើរការ​គម្រោងសាក​ល្បងកម្មវិធីតាមដានបរិស្ថានរួម (Joint Environmental Monitoring programme) របស់ MRC​បានវាស់ស្ទង់លើសូចនាករសំខាន់ៗទាំងប្រាំនៃសុខមាលភាពទន្លេមេគង្គ រួមមានជល​សាស្ត្រ កំណក កករ គុណភាពទឹក អេកូឡូស៊ីក្នុងទឹក និងជលផល។ តាមរយៈការសាកល្បងកម្មវិធីនេះ នៅតាមគម្រោងទំនប់វារីអគ្គិសនីថ្មីៗចំនួនពីរ នោះគឺគម្រោងដនសាហុង និងសាយាប៉ូរី MRC មានគោលដៅបង្កើតឲ្យបាននូវវិធីសាស្ត្រ និងបទដ្ឋានតាមដាននានា ដែលប្រតិបត្តិករទំនប់ទាំងអស់លើទន្លេមេនៃទន្លេមេគង្គ អាច​នឹងប្រើប្រាស់អនុវត្តបាននាពេលអនាគត។ ក្នុងរបាយការណ៍ដដែលបានបន្ដថា ក្នុងចំណោមការរកឃើញសំខាន់បំផុត​នៃការ​សាក​ល្បងនេះ ក្រុមអ្នកតាមដាន បានសង្កេតឃើញថា លំនាំរំហូរទន្លេជារួម មិនមានការ​ប្រែប្រួលនោះទេ។ នៅតំបន់ផ្នែកខាងលើទំនប់ សុខមាលភាពអេកូឡូស៊ីរបស់ទន្លេ មាន​កម្រិត “ល្អ” និង “មធ្យម”ក្នុងតំបន់អាងស្តុក ក៏ដូចជាតំបន់ផ្នែកខាងក្រោម​នៃទំនប់ទាំងពីរ។ ចំពោះគុណភាពទឹកស្ថិតក្នុងស្ថានភាព “ល្អ” សម្រាប់ការប្រើប្រាស់របស់មនុស្ស។ ក្នុង​តំបន់អាងទំនប់វាមិនមានភស្តុតាងបង្ហាញពីការបង្កើតស្រទាប់កករ ដែលអាចជះឥទ្ធិពល​ដល់ទាំងគុណភាពទឹក និងជលផលទេ។ ប៉ុន្តែនៅពេលទឹកហូរកាត់តាមទំនប់ “វាមាន​ភស្តុតាងតិចតួច បង្ហាញពីការប្រែប្រួលគុណភាពទឹកនៅផ្នែកខាងក្រោមទន្លេ”។ របាយការណ៍បន្ដទៀតថា នៅផ្នែកខាងក្រោមនៃគម្រោងសាយាប៉ូរី ក្នុងប្រទេស​ឡាវ ក្រុមអ្នកតាមដាន ក៏បានប្រទះឃើញការប្រែប្រួលកម្រិតទឹកប្រចាំថ្ងៃ ដែលអាចប៉ះ​ពាល់​ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ ក៏ប៉ុន្តែ បញ្ហានេះ មិនបានកើតមាននៅផ្នែក​ខាងក្រោម​នៃទំនប់ដនសាហុងទេ។ ក្រុមអ្នកតាមដាន ក៏បានសង្កេតឃើញលំនាំដែលបានចាប់​ផ្តើម​កើតមានកាលពីឆ្នាំ ២០១៨ នោះគឺការធ្លាក់ចុះនៃបណ្តុំកករ និងការផ្ទុកនូវកំណកកករ ដែល​នាំមកនូវអាហារូបត្ថម្ភចិញ្ចឹម និងធ្វើឱ្យច្រាំងទន្លេមានលំនឹង។ ប៉ុន្តែ ការថមថយ​ចុះនេះ “អាចនឹងបណ្តាលមកពីការបង្ខាំងឬការកកស្ទះនៃកំណកកករ តាមតំបន់គម្រោង​វារីអគ្គិសនីតាមដៃទន្លមេ និងទន្លេមេគង្គ”។ ជាមួយគ្នានេះដែរ ក្រុមតាមដាន ក៏បានសង្កេតឃើញពីការប្រែប្រួលខ្លះៗ​លើភាព​ចម្រុះនៃមច្ឆានៅផ្នែកខាងលើទំនប់សាយាប៉ូរី ដោយវាមានកម្រិតថេរចាប់ពីឆ្នាំ២០១៧ ដល់​២០១៩ និងការធ្លាក់ចុះក្នុងឆ្នាំ២០២០។ នៅផ្នែកខាងក្រោមនៃអាងស្តុក ភាពចម្រុះនេះ នៅតែមានកម្រិតខ្ពស់។ ផ្ទុយមកវិញ ផលចាប់ ហាក់ដូចជាមានកម្រិតថេរ ដែលគេបាន​រាយ​ការណ៍ថាកើនឡើងនៅឆ្នាំ២០១៧ធ្លាក់ចុះនៅឆ្នាំ២០១៨ និង២០១៩ ហើយកើន​ឡើង​វិញនៅឆ្នាំ២០២០។ នៅជុំវិញទំនប់ដនសាហុងវិញ ក្រុម​អ្នក​តាមដានបានប្រទះឃើញទិន្ន​ន័យគួរឱ្យភ្ញាក់ផ្អើលមួយនោះគឺ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលចាប់នៅភាគខាង​ជើង​​ប្រទេសកម្ពុជាបានធ្លាក់ចុះ ប៉ុន្តែវាបានកើនឡើងខ្លាំង​នៅ​ផ្នែកខាងក្រោមនៃទំនប់​ទៅវិញ។ ទោះជាយ៉ាងនេះក្តី លទ្ធផលទាំងនេះ បានមកពីវដ្តតាមដានមួយប៉ុណ្ណោះ។ ក្រុម​អ្នក​សង្កេតJEM ស្នើឱ្យធ្វើការតាមដានពីរទៅបីឆ្នាំបន្ថែមទៀត ដើម្បីទាញឱ្យបាននូវ “ការ​សន្និ​ដ្ឋានដ៏មុតមុំាមួយ” ពីផលប៉ះពាល់នៃការអភិវឌ្ឍទំនប់វារីអគ្គិសនី និងសម្ពាធនានា​បង្កើត​ឡើងដោយសកម្មភាពមនុស្ស។ លោកបណ្ឌិត អានុល័ក ខិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានថ្លែង​ថា “យើងត្រូវដឹងពីកម្រិតនៃបញ្ហាប្រឈមរបស់យើង ​និងធ្វើការកំណត់ពីវិធីសាស្ត្រដែល​មាន​​ប្រសិទ្ធភាពបំផុត ដើម្បីវាយតម្លៃផលប៉ះពាល់នេះ។ ខណៈដែលរបាយការណ៍នេះ បង្ហាញពីផលប៉ះពាល់ខ្លះៗនៃទំនប់វារីអគ្គិសនី វាលឿនពេកក្នុងការវាយតម្លៃថា រាល់ផល​ប៉ះពាល់ទាំងអស់សុទ្ធតែបណ្តាលមកពីទំនប់។ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ​ផ្សេងទៀត ក៏អាចជាកត្តាផងដែរ”។ បើរបាយការណ៍តាមដានបរិស្ថានរួមនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំមួយ​របស់ MRC ដែលតំណាងឱ្យបណ្តាប្រទេសជាសមាជិក រួមមានកម្ពុជា ឡាវ ថៃ និង​វៀតណាម ដើម្បីសំដៅបង្កើតឱ្យមានតុល្យភាពមួយ រវាងអត្ថប្រយោជន៍សេដ្ឋកិច្ច​និង​សង្គម​និងផលប៉ះ​ពាល់ពីទំនប់វារីអគ្គិសនី មិនត្រឹមតែលើបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងលើ​ក្រុមគ្រួសារនេសាទ និងកសិកររាប់លាន ដែលពឹងអាស្រ័យលើទន្លេមេគង្គ​សម្រាប់​​ការចិញ្ចឹមជីវិត។ សម្រាប់ គម្រោងសាកល្បងJEM នេះ ក្រុមអ្នកតាមដាន បានធ្វើការសាក​ល្បង​ពិធីការរបស់គេរយៈពេលប្រមាណមួយឆ្នាំ បន្ទាប់ពីការពន្យាពេលយ៉ាងយូរ បង្កដោយកា​រ​រីក​រាលដាលនៃជំងឺកូវីដ១៩។ របាយការណ៍នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់​សកម្ម​ភាពនានា ទាំងផ្នែកគោលនយោបាយ និងតាមដាននាពេលអនាគត។ ដូចដែល​របាយការណ៍ផ្ទាល់បានបញ្ជាក់ របបគំហើញទាំងនេះ អាចជាជំនួយដល់ការ“រៀបចំប្លង់ និង​ទីតាំងគម្រោងទំនប់វារីអគ្គិសនីនាពេលខាងមុខ ការព្យាករណ៍ពីការប្រែប្រួលនានា ពាក់​ព័ន្ធនឹងប្រតិបត្តិការគម្រោង និងការអភិវឌ្ឍ ការប្រើប្រាស់ និងការវាយតម្លៃនៃយន្តការ​គ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់”។ លើសពីនេះ វាអាចផ្តល់ជា “មូលដ្ឋានមួយ​សម្រាប់កិច្ចពិភាក្សាបែបស្ថាបនា រវាងសហគមន៍តាមដងទន្លេ និងសមាជិករបស់MRC”។ ក្នុងរបាយការណ៍ក៏បានលើកឡើងដែរថា ក្នុងចំណោមអនុសាសន៍ជាច្រើនផ្តល់​ទៅ​ឱ្យ MRC ប្រទេសជាសមាជិក និងប្រតិបត្តិករទំនប់វារីអគ្គិសនី របាយការណ៍នេះ ស្នើថា ដើម្បី​កាត់បន្ថយផលប៉ះពាល់លើជលសាស្ត្រ កំណកកករ និងជលផល ភាគីពាក់ព័ន្ធទាំង​អស់ខាងលើ គប្បីដាក់ស្នើជារួមនូវ“គោលដៅ ឬកំហិតនានាលើអត្រានៃបម្រែបម្រួល​កម្រិត​ទឹក ក្នុងទន្លេមេនៃទន្លេមេគង្គ, ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរួមសម្រាប់ការ​ជូន​ដំណឹង, ប្រតិបត្តិរួមគ្នានូវច្រកទ្វារកម្រិតទាបសម្រាប់ចរាចរកំណកកករ, ហើយក្នុងករណី​ទំនប់ដនសាហុង ធ្វើឱ្យច្រកចូលសម្រាប់ច្រកចរាចរត្រីកាន់តែជ្រៅ និងធ្វើឱ្យប្រសើរឡើង​នូវច្រកប្រឡាយទាំងនេះ។ បើតាម MRC សម្រាប់គម្រោងនាពេលអនាគត របាយការណ៍ក៏បាន​អំពាវនាវឱ្យមាន “ការតាមដានទឹកជាប្រព័ន្ធ ក្នុងអំឡុងពេលនៃគ្រប់ដំណាក់កាលសាងសង់ និងប្រតិបត្តិ​ការ​ទាំងអស់ ដើម្បីចាត់វិធានសមស្រប ក្នុងករណីស្ថានភាពគុណភាពទឹកមិនល្អកើតឡើង”។ ក្នុងឱកាសនោះ MRC ក៏កំពុងនឹងជជែកពិភាក្សាពីរបៀបដាក់បញ្ចូលការតាមដាន JEM នៅក្នុងបណ្តាញស្នូលថ្មីសម្រាប់ការតាមដានទន្លេ ធានាឲ្យមានការតាមដាន​រយៈ​ពេល​យូរ ការធ្វើរបាយការណ៍ និងការគ្រប់គ្រងបែបបន្សុំា ដែលចាំបាច់ក្នុងការថែរក្សា​ការ​ពារទន្លេមេគង្គនេះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង