វ៉ាក់សាំង Novavax អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកឆាប់ៗនេះ
T NM(អាមេរិក) ៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ណូវ៉ាវ៉ាកស៍ (Novavax) អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក នៅពេលឆាប់ៗនេះ ឬអាចនៅខែឧសភា ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យ នៃការធ្វើតេស្ដនៅចក្រភពអង់គ្លេស ដែលនឹងត្រូវបិទបញ្ចប់ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើតាមបញ្ជាក់របស់លោក Stanley Erck នាយកប្រតិបត្តិក្រុមហ៊ុន Novavax។
ទោះយ៉ាងណានាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក Stanley Erck បានបន្ថែមថា កិច្ចពិភាក្សាជាមួយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកកំពុងបន្តហើយទីភ្នាក់ងារនេះអាចនឹងតម្រូវឲ្យក្រុមហ៊ុន Novavax បង្ហាញនូវទិន្នន័យធ្វើតេស្ដរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដែលនេះអាចនឹងត្រូវការពេលបន្ថែម ០២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬអាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅពាក់កណ្ដាលរដូវក្ដៅឯណោះ។
ទិន្នន័យបឋមពីការសាកល្បងចក្រភពអង់គ្លេស របស់ខ្លួនដែលបានចេញផ្សាយកាលពីខែមករាបានបង្ហាញថាវ៉ាក់សាំង Novavax មានប្រសិទ្ធភាពប្រហែល៩៦ ភាគរយក្នុងការប្រឆាំងនឹងវីរុសកូវីដ១៩ធម្មតា និងប្រហែល៨៦ ភាគរយប្រឆាំងនឹងមេរោគបម្លែងខ្លួន ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។
សូមជម្រាបថា វ៉ាក់សាំង Novavax គឺប្រើប្រាស់២ដូសដូចទៅនឹងវ៉ាក់សាំង Pfizer-BioNTech និងក្រុមហ៊ុន Moderna ដែរ ប៉ុន្តែវាមានភាពងាយស្រួលស្ដុកទុក និងដឹកជញ្ជូនជាងវ៉ាក់សាំងផ្សេងទៀត៕