រដ្ឋសភាកម្ពុជាគាំទ្របេសក កម្មរបស់UNក្នុងការពង្រឹងសាមគ្គីភាព និងសន្តិសុខអន្តរជាតិ
រដ្ឋសភាកម្ពុជាគាំទ្របេសក កម្មរបស់អង្គការសហប្រជា ជាតិ ហៅកាត់ UN ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិ ភាព និងសន្តិសុខអន្តរជាតិ សម្រាប់មនុស្សជាតិ ខណៈបច្ចុប្បន្ននៅទូទាំងសកល លោក កំពុងកើតមានឡើងនូវជម្លោះដណ្តើមអំណាចសេដ្ឋកិច្ច និងការសម្ញែងកម្លាំងយោធាដាក់គ្នា។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសទទួលជួបឯកឧត្តម អាប់ឌូឡា សាហ៊ីដ(Abdulla SHAHID) ប្រធានមហាសន្និ បាតអង្គការសហប្រជាជាតិ លើកទី៧៦ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានលើកឡើងថា សម្តេចក្នុងនាមរដ្ឋសភាកម្ពុជា បានគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហ ប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរ ជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។ សម្ដេចអគ្គមហាពញាចក្រី បញ្ជាក់ថា ការជ្រោមជ្រែងយ៉ាងសកម្មពីអង្គការសហ ប្រជាជាតិនាពេលកន្លងមក បានធ្វើឱ្យកម្ពុជាអាចចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់របៀបវារៈសកលនានា។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី សន្តិភាពនៅកម្ពុជា អង្គការ សហប្រជាជាតិ បានបញ្ជូនកងកម្លំាងរក្សាសន្តិភាពមកជួយកម្ពុជា។ សម្តេច ហេង សំរិន បានបន្តថា ចាប់តំាងពីឆ្នំា២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានក្លាយខ្លួនជាប្រទេសដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១លើក ក្នុងប្រទេសចំនួន៩។ ការចូលរួមយ៉ាង សកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ ថ្នាក់ទី២៨ ក្នុងចំណោម ១២២ប្រទេស។ គណៈប្រតិភូរបស់អង្គការ សហប្រជាជាតិ បានសំដែងការកោតសរសើរ និងបានលើកឡើងថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់ តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមាន កងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហ ប្រជាជាតិ ទៅបំពេញបេសក កម្មមនុស្សធម៌ រក្សាសុខសន្តិ ភាព នៅប្រទេសជាច្រើនក្នុងសកលលោក។ ជាមួយគ្នានេះ បានចាត់ទុកតួនាទីរដ្ឋសភាកម្ពុជា ចូលរួមចំណែកយ៉ាង សកម្មក្នុងការថែរក្សា និងកសាងសន្តិភាពក្នុងតំបន់និងសកលលោក តាមរយៈដៃគូសន្ទនាជាមួយស្ថាប័ននីតិប្ប ញ្ញត្តិនានា ក្នុងការប្រតិបត្តិការ ងារការទូតសភា ជាពិសេសស្ថាប័នសហភាពអន្តរសភា ហៅកាត់ IPU ដែលមានភារកិច្ចធ្វើសេចក្តីរាយការណ៍ជូនអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕សម្រួលដោយ ទៀង បុណ្ណរី