សហព័ន្ធទោចក្រយានលើកបង្ហាញយុទ្ធសាស្ត្រ ប្រជែងមេដាយក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

សហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកបង្ហាញផែនការយុទ្ធសាស្ត្រ ក្នុងការសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយក្តីសង្ឃឹមខ្ពស់ ក្នុងការដណ្តើមមេដាយជូនជាតិ ជាពិសេសលើវិញ្ញាសាកង់ភ្នំ។លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ប្រាប់ទីភ្នាក់ ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះថា ក្រុមជម្រើសជាតិកម្ពុជាកង់ភ្នំ និងកង់គួកមានចំនួន១២នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី៤នាក់ ក្រោមការបង្វឹកពីគ្រូបង្វឹក៤នាក់ ដែលកំពុងបន្តបោះជំរុំហ្វឹកហាត់នៅតំបន់ឧស្យានភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកអគ្គលេខាធិការរូបនេះចាត់ទុកថា ក្រោមការចង្អុលបង្ហាញលើកទឹកចិត្តពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន គឺគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកង់ទាំងអស់កំពុងបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការហាត់ហ្វឹកហ្វឺនយ៉ាងខ្លាំងក្លា នៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តំបន់ហ្វឹកហាត់ភ្នំគូលែននេះ នឹងត្រូវរៀបចំជាទីលានប្រកួត សម្រាប់វិញ្ញាសាកង់ភ្នំ (៥វិញ្ញាសា) ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ តាមរយៈការហ្វឹកហាត់បន្សាំបច្ចេកទេស នៅតំបន់ភ្នំគូលែន ដែលកីឡាករ កីឡាការិនីជម្រើសជាតិ គឺជាម្ចាស់ទីលានហ្វឹកហាត់ផងនោះ នឹងជួយជំរុញឱ្យក្រុមកង់ភ្នំកាន់តែមានប្រសិទ្ធភាពខ្ពស់ នៃគោលដៅការប្រកួតផ្លូវការ ស៊ីហ្គេម ២០២៣។ ៩វិញ្ញាសានេះ រួមមាន៖ កង់ភ្នំបុរស-នារី (XCO Men-Women) បណ្តាក់បុរស-នារី (XCO Mix Relay) និង Eliminate បុរស-នារី ជាវិញ្ញាសាថ្មី ដែលជិះកង់រយៈពេលខ្លី១ជុំ ដែលអ្នកធ្វើសម្រេចក្នុងថេរៈវេលាតិតជាងគេនឹងទទួលបានមេដាយតែម្តង។ ចំពោះ៤វិញ្ញាសាផ្នែកកង់គួកនឹងត្រូវប្រកួត (ចេញដំណើរ-បញ្ចប់ទី) នៅតំបន់អង្គរវត្ត ដូចជាវិញ្ញាសា Individual Race Criterium បុរស-នារី ដែលត្រូវជិះក្នុងតំបន់អង្គរវង់ធំ ចំនួន២ជុំ ប្រមាណ៤០គីឡូម៉ែត្រ។ រីឯវិញ្ញាសា Individual Road Race បុរស-នារី ជាវិញ្ញាសាជិះរយៈចម្ងាយឆ្ងាយជាង១៥០គីឡូម៉ែត្រឡើងទៅ ដែលគ្រោងនឹងចេញដំណើរពីតំបន់អង្គរដែរឆ្ពោះទៅតំបន់ភ្នំគូលែន ស្រុកបន្ទាស្រី ចុះទៅស្រុកស្វាយលើ ចូលមកក្រុងសៀមរាប និងបញ្ចប់ទីនៅតំបន់អង្គរវិញ។ លោក នូ ចំរើន អះអាងថា ចំពោះក្តីសង្ឃឹមលើវិញ្ញាសាកង់ភ្នំ Eliminate នេះ គឺដោយសារកីឡាករ កីឡាការិនីកម្ពុជាសុទ្ធតែមានវ័យក្មេង មានសក្តានុពលលើថាមពលកម្លាំងខ្លាំងក្លា ដោយប្រកួត១ជុំ ៤គីឡូម៉ែត្រ ដោយកីឡាករ ឬកីឡាការិនីណាបានបញ្ចប់ទីក្នុងថេរៈវេលាតិចជាងគេនឹងទទួលបានមេដាយតែម្តង។ ជាមួយគ្នានេះ អ្វីដែលជាផែនការយុទ្ធសាស្ត្ររៀបចំយកប្រៀបក្នុងការប្រជែងមេដាយនេះ គឺក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ យើងបានត្រៀមកសាងរៀបចំផ្លូវប្រកួត ដែលជាផ្លូវហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា នៅស្រុកបន្ទាយស្រីនោះ។ អគ្គលេខាធិការរូបនេះបន្ថែមថា « ក្រុមជម្រើសជាតិទាំងអស់ កំពុងខិតខំហ្វឹកហាត់ខ្លាំងណាស់ ដើម្បីឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្រោមការចង្អុលណែនាំលើកទឹកចិត្តខ្ពស់ពីឯកឧត្ត ម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីដើរឱ្យស្របគ្នាតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានដាក់ចេញនូវសន្ទស្សន៍មេដាយមាសយ៉ាងតិច១គ្រឿង លើប្រភេទកីឡានីមួយៗ ក្នុងចំណោម៣៩ប្រភេទកីឡា»។ ក្នុងផែនការយុទ្ធសាស្ត្រនេះ ត្រូវបានលោក នូ ចំរើន បានលើកបង្ហាញពីប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ដែលបានអះអាងកាលពីសប្តាហ៍មុនថា ការរៀបចំផែនការយុទ្ធសាស្ត្រយកប្រៀបរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺជាការរៀបចំតាមទម្រង់បច្ចេកទេសកីឡា និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគោរពតាមគោលការណ៍ធម្មនុញ្ញស៊ីហ្គេម។ «បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានជួយផ្តល់អនុសាសន៍ណែនាំ ផ្តល់ការគាំទ្រដល់ការរៀបចំប្រភេទកីឡាកង់ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ»៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង