អាជ្ញាធរក្រុងស្ទឹងសែនសំណូមពរដល់អាជ្ញាធរសង្កាត់អោយបន្តសហការជាមួយសហគមន៍បន្ថែមទៀតដើម្បីរក្សានិងការពារអភិរក្សធនធានធម្មជាតិដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ធំ៖​ លោកស្រី ទឹម សុខអ៊ីម អភិបាលរងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរសង្កាត់ឲ្យបន្តសហការជាមួយសហគមន៍បន្ថែមទៀតដើម្បីរក្សានិងការពារអភិរក្សធនធានធម្មជាតិដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកស្រី ទឹម សុខអ៊ីម បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់និងបញ្ហារបស់សហគមន៍ដើម្បីរកដំណោះស្រាយជាមួយសហគមន៍និងអាជ្ញាធរមូលដ្ឋានក្រុងស្ទឹងសែនដែលរៀបចំអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសាលាក្រុងស្ទឹងសែន ដើម្បីរកបញ្ហា ប្រឈមយក មកធ្វើការដោះស្រាយ។ លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា អង្កការ វិទ្យាស្ថាន តស៊ូមតិនិងគោលនយោបាយ(API)បានកំពុងអនុវត្តគម្រោងសម្លេងនិងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា(២០១៣.២០២២)ក្រោមជំនួយឧបត្ថម្ភគំទ្រថវិការពីព្រះវិហារជំនួយ ដេណឺម៉ាក(DCA)និងប្រេតដ៏ហ្វរដឺវើលយ៍(BFDW)បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធនិងលើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋដើម្បីធ្វើអោយការអភិវឌ្ឍន៍ប្រទេសកាន់តែមាននិរន្តរភាព។ លោកបានបញ្ជាក់ថាកិច្ចប្រជុំពិភាក្សានាថ្ងៃនេះមានគោលបំណង កំណត់បាននូវបញ្ហាផ្សេងៗដែលបានកើតឡើង នៅតាមសហគមន៍មូលដ្ឋាននិងធ្វើផែនការនិងដោះស្រាយនិងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។ ជាមួយគ្នានេះដែរតំណាងសហគមន៍អូរកន្ធរមានជ័យបានស្នើសុំរដ្ឋបាលក្រុងជួយសម្របសម្រួលលើតម្លៃជីនឹងតម្លៃប្រេងម៉ាស៊ូត ស្នើសុំឲ្យបញ្ចុះតម្លៃលើតម្លៃទីផ្សារបច្ចុប្បន្នជូនដល់ប្រជាពលរដ្ឋនិងការធ្លាក់ចុះតម្លៃស្រូវផងដែរ។ ម៉្យាងវិញទៀតសហគមន៍បានលើកឡើងបញ្ហាថាក្រុមហ៊ុនដែលបានផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែរបស់សហគមន៍បានចេញអាជ្ញារប័ណ្ណថ្មីតែមិនផ្តល់ព័ត៌មានជម្រាបជូនរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់និងសហគមន៍ឲ្យបានដឹងជាមុនហើយថែមទាំងឡើងថ្លៃទឹកផងដែរ។ ចំណែកសហគមន៍នេសាទបឹងតាសែងក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងសហគមន៍របស់ពួកគាត់ផងដែរមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកបានរំលោភយកដីសហគមន៍នៅក្នុងតំបន់អភិរក្សបឹងតាសែងដែលធ្វើឲ្យប៉ះពាល់ដល់តំបន់អភិរក្សរបស់សហគមន៍ ដូច្នេះសហគមន៍នេសាទបឹងតាសែងបានស្នើសុំ ដល់រដ្ឋបាលក្រុងជួយសម្របសម្រួលនឹងជួយដោះស្រាយជូនដដល់សហគមន៍របស់ពួកគាត់ផង។ លោកស្រី ទឹម សុខអ៊ីម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលយោបាយ (API)ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់បទពិសោធន៍ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក។ ចំពោះបញ្ហារបស់សហគមន៍ទាំងពីដែលបានលើកឡើងមកនេះលោកស្រីនឹងទទួលយកដើម្បីរាយការណ៍ជូនគណៈអភិបាលក្រុងបន្តទៀត។ លោកស្រីបានផ្តល់អនុសាសន៍ថា សូមឲ្យសហគមន៍ទាំងពីធ្វើរបាយការណ៍ដាក់ជូនមករដ្ឋបាលក្រុងអោយបានជាក់លាក់ដើម្បីរដ្ឋបាលក្រុងបន្តនីតិវិធី ក្នុងការរកដំណោះស្រាយជូនសហគមន៍បន្ត ទៀត។លោកស្រីបានបន្តថា រាល់បញ្ហាទាំងអស់ ត្រូវការពេលវេលាក្នុងការដោះស្រាយ ត្រូវអត់ធ្មត់រងចាំ ហើយបញ្ហា ខ្លះហួសដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងផងដែរ ដែលធ្វើឲ្យរដ្ឋបាលក្រុងមិនអាចដោះស្រាយបានសូមឲ្យសហគមន៍ យោគយល់។ លោកស្រី ក៏បានសំណូមពរដល់អាជ្ញាធរសង្កាត់ អោយបន្តសហការជាមួយសហគមន៍បន្ថែមទៀត ដើម្បីរក្សា និងការ ពារអភិរក្សធនធានធម្មជាតិ ដែលមានស្រាប់នៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និង ចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហា ប្រឈមនានាដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ។ ជាពិសេសសូមឲ្យសហគមន៍ទំនាក់ទំនង ជាមួយ ការិយាល័យពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍ ដើម្បីជួយពង្រឹងបន្ថែមដល់សហគមន៍ របស់ពួកគាត់។ ជាលទ្ធផលរួមលោកស្រីអភិបាលរងនិងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបាន លើកឡើង ដោយលោកស្រីបានសន្យាថា រដ្ឋបាលក្រុងនឹងបើកកិច្ចប្រជុំរួមដើម្បីរកវិធីដោះស្រាយជូនសហគមន៍ ឲ្យទាល់តែបាន នឹងពេញចិត្តជាទីបំផុត។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង