រដ្ឋមន្ត្រីក្រសួងការងារ ស្នើក្រុមការងារឱ្យពិនិត្យសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម នៃប.ស.ស.គ្រប់ជ្រុងជ្រោយ

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យដល់សមាជិកក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)ទាំងអស់ត្រូវត្រួតពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីតួនាទីនិងភារកិច្ចរបស់អធិការកិច្ច សន្តិសុខសង្គមនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)ដើម្បីប្រមូលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀត សំដៅធ្វើ ឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានលក្ខណៈត្រឹមត្រូវ ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។​​ ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី១ របស់ខ្លួនដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ នៅថ្ងៃ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវពិនិត្យនិងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ នូវសេចក្តីព្រាងផែនការថវិកា ធ្វើយ៉ាងណាឱ្យការចំណាយនានាក្នុងការអនុវត្តការងារ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធានាបាននូវតុល្យភាពហិរញ្ញវត្ថុ ។ នៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អ របស់សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្ដី ក៏នៅតែបំពេញតួនាទីយ៉ាងល្អ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង