ពលរដ្ឋផ្ទុកមេរោគអេដស៍មានជីវភាពខ្វះខាត១៥គ្រួសារ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ និងមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ រស់នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់បានមួយរយៈ។ អំណោយមនុស្សធម៌នេះ ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងលោកជំទាវ រួមជាមួយក្រុមការងារ បានចុះនាំយកទៅចែកជូនដោយផ្ទាល់កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។​ ថ្លែងនៅក្នុងពិធីចែកអំណោយនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាខ្លាំង ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងការលំបាកដោយអត់ឃ្លាននោះឡើយ សម្ដេច តែងតែចាត់ឱ្យក្រុមការងារចុះជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ដើម្បីដោះ ស្រាយរាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះបានទាន់ពេលវេលានោះ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ដែលព្រះរាជាណាចក្រកម្ពុជាបានកំណត់ប្រធានបទ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ ដែលប្រធានបទនេះបានកំណត់ឡើងមានគោលបំណង ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥។ ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ទៅទទួលសេវាថែទាំពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងសូមចៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងកុំមានការខ្មាសអៀននឹងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សានិងការព្យាបាលឱ្យបានទាន់ពេលវេលា ព្រមទាំងគោរពទៅតាមបញ្ជារបស់គ្រូពេទ្យ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺរាតត្បាតសកលកូវីដ១៩ ត្រូវរក្សាអនាម័យ ឱ្យបានខ្ពស់ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជ រដ្ឋាភិបាល គឺវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់គ្នា។ សូមបញ្ជាក់ថា អំណោយដែលបានចែកជូននេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ត្រីខចំនួន២យួរ ប្រេងឆាចំនួន១ដប សាប៊ូម្សៅចំនួន១ថង់ ប្រេងកូឡាចំនួន១ប្រអប់ សារុងចំនួន១ ស្ករសចំនួន១ថង់ អាវយឺតចំនួន៥អាវ ជែលលាងដៃចំនួន៤ដប ទឹកសុទ្ធចំនួន ២យួរ និងថវិកាបន្ថែមមួយចំនួនទៀត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង