កម្ពុជាដាក់ឱ្យសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ជំនួសឱ្យការបំពេញបែបបទនាវាចូល-ចេញ តាមនីតិវិធីរដ្ឋបាលដោយដៃ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធ ផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ហៅកាត់ Port EDI បន្ទាប់ពីបំពាក់សម្ភារៈ និងប្រព័ន្ធបច្ចេកវិទ្យា រួចរាល់ក្រោមជំនួយតាមរយៈភ្នាក់ងារ JICAនៃប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបប្រមាណ១២លាន ដុល្លារអាមេរិក ដើម្បីជំនួសការបំពេញបែបបទនាវាចូល-ចេញ តាមនីតិវិធីរដ្ឋបាលដោយដៃ មានភាព យឺតយ៉ាវ និងងាយជួបប្រទះបញ្ហាប្រឈមផ្សេងៗ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវកំពង់ផែ Port EDI នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យនេះ មានភាពងាយស្រួល ក្នុងការគ្រប់គ្រងទាំងសកម្មភាពដឹកជញ្ជូន សកម្មភាព ផ្ទេរទំនិញ និងការស្តុកទំនិញ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI គឺជាការ ធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចូលចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ សំដៅដល់ការគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ពោលគឺ លុបបំបាត់ការ ចំណាយក្រៅផ្លូវការកុំឱ្យមានការជួបគ្នារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា ជាពិសេសបង្កើនការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយ នៅក្នុងតំបន់ និងសាកលលោក ដែលអាចទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន និងជួយជំរុញដល់ការ លូតលាស់សេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក Port EDI បានធ្វើការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធបញ្ជរតែមួយជាតិ ក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនៅថ្ងៃអនាគត ក្រសួងអាចនឹងពង្រីក វិសាលភាពរបស់ប្រព័ន្ធនេះ ដោយដាក់បញ្ចូលកំពង់ផែផ្សេងទៀតរបស់កម្ពុជា។ ឯកឧត្តម បញ្ជាក់ថា «រហូតមកដល់បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ និងកំពងផែស្វយ័តក្រុងព្រះសីហនុ កំពុងប្រែក្លាយពីការ ធ្វើបែបបទនាវាចូលចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលត្រូវចំណាយពេល រង់ចាំយូរ មានការលំបាក និងស្មុគស្មាញក្នុងការបំពេញការងារ ព្រមទាំងអាចបង្កឱ្យមានការកកស្ទះនៅកំពង់ផែ និងហានិភ័យ មកប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលនឹងជួយសម្រួលដល់ការធ្វើបែបបទនាវាឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព»។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនាវាបរទេសដែលចេញ-ចូលតាមកំពង់កំពង់ផែអន្តរជាតិធំៗពីរគឺ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រមាណ៦ពាន់គ្រឿង ដោយកំពង់ផែទាំងពីរបានដំណើរការបែបបទនាវាចូលចេញ តាមនីតិវិធីរដ្ឋបាល ដោយដៃ ដែលងាយនឹងជួបប្រទះបញ្ហាប្រឈម នៅពេលដែលចំនួននាវា និងទំនិញមានការកើនឡើង នាពេលខាងមុខ ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង ៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦ម៉ឺនតោន ឬ ស្មើនឹង៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះនាពេល អនាគត។ កាលពីដើមខែសីហានេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ឥណទានសម្បទានប្រមាណជាង ៣១០លាន ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ ជំហានទី១៕សម្រួលដោយ ទៀង បុណ្ណរី