រដ្ឋបាលរាជធានី រកចំណូលបានជាង១៥លានដុល្លារពីការផ្ដល់សេវាជូនពលរដ្ឋតាមរយៈច្រកចេញចូលតែមួយចាប់តាំងពីឆ្នាំ ២០១៨ដល់ឆមាសទី១ឆ្នាំ២០២២នេះ
ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ឆមាសទី១ឆ្នាំ ២០២២នេះ អង្គភាព ច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញបានរកចំណូលពីការផ្ដល់សេវាជូនប្រជាពលរដ្ឋបានថវិកាប្រមាណជាង១៥លានដុល្លារ សហរដ្ឋអាមេរិក បើទោះបីស្ថិតក្នុងដំណាក់ការនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ។ នេះបើតាមការបញ្ជាក់ពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការ គ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្ដមឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៅសាលារាជធានីភ្នំពេញ ។ លោកហួត ហៃ បានមាន ប្រសាសន៍លើកឡើងថា៖ ក្នុងឆ្នាំ២០១៤រហូតដល់ឆ្នាំ ២០១៦កន្លងទៅនេះ រដ្ឋបាលរាជធានីខេត្តបានរួមគ្នាបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ និងការិយាល័យប្រជាពលរដ្ឋ ហើយនៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃបានបង្កើតឱ្យមានច្រកចេញចូលតែមួយខណ្ឌ ការិយាល័យប្រជាពល រដ្ឋនៅគ្រប់កម្រិត នៅថ្នាក់រាជធានី ខេត្ត និងបានបន្ត បង្កើតច្រក ចេញចូលតែមួយនៅតាមឃុំ សង្កាត់ថែមទៀត ដើម្បីផ្ដល់សេវាជូនប្រជាពល រដ្ឋឱ្យកាន់តែកៀកកិតនិងល្អប្រសើរ។ លោកបានបន្តទៀតថា នៅឆ្នាំ២០២១កន្លងទៅនេះប្រទេសកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ បានជួបនូវជំងឺរាតត្បាតកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតែបន្តកើនឡើងជាលំដាប់ ក្នុងនោះគិតពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ឆមាសទីមួយនៃឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ផ្តល់សេវាជូនប្រជា ពលរដ្ឋបានចំនួន១៨៥៤៨២ សេវា និងបានថវិកាមកពីការផ្ដល់សេវានេះចំនួន៦១ប៊ីលាន៩៣លានរៀលឬស្មើនឹងជាង១៥លានដុល្លារអាមេរិក។ លោកបន្តថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែ មួយ គឺពិតជាបានផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជា ពលរដ្ឋដែលមកទទួលសេវា បានឆាប់រហ័ស មានទំនុកចិត្ត និងគ្មានអំពើពុករលួយដោយ សារតែថវិកាដែលទទួលបានពីការប្រើប្រាស់សេវានេះ គឺបានកំណត់ដោយថ្នាក់ជាតិ។ ឯកឧត្ដម ប្រាក់ សំអឿន បានមានប្រសាសន៍បញ្ជាក់ផងដែរថា ៖ ការបង្កើតឱ្យមានពិធីប្រជុំផ្សព្វផ្សាយស្ដីពីការ គ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីធានាការអនុវត្តមុខងារដែលបានប្រតិភូកម្ម មកថ្នាក់ក្រោមជាតិប្រកបទៅដោយប្រសិទ្ធភាព មានជំនឿទុកចិត្ត និងដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា សំណើសំំណូមពរ រួមគ្នាដោះស្រាយ ពិសេសទៅលើវិស័យសាធារណការ។ ឯកឧត្ដម បន្តថា ការបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយនេះ រាជរដ្ឋាភិបាលបង្កើតឡើងមិនត្រឹមតែនៅថ្នាក់រាជធានី ខេត្តស្រុក ខណ្ឌ ឃុំសង្កាត់ប៉ុណ្ណឹងទេ តែនៅបានបង្កើតឱ្យមានយន្តការនេះ នៅតាមបណ្ដាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញថែមទៀតផង។ ឯកឧត្ដម ប្រាក់ សំអឿន បានស្នើប្រធានច្រកនិងមន្ត្រីពាក់ព័ន្ធខិតខំកែលំអ មុខងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនេះ កាន់តែល្អប្រសើរ សមស្របទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី៤នេះ៕ សម្រួលដោយ ទៀង បុណ្ណរី