វគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកស្ទោង ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកសណ្ដាន់ ក្រុមប្រឹក្សាឃុំរដ្ឋបាលស្រុកបារាយណ៍ និងក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកតាំងគោក។ សម្រាប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២។ ចំណែកឯក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងកាលពីអំឡុងខែកក្កដាក្នុងកន្លងទៅ។ ជាមួយនេះដើម្បីលើកកម្ពស់ សមត្ថភាព និងធានាបានថា ក្រុមប្រឹក្សាដែលជាប់ឆ្នោតថ្មីបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងមានគុណភាព។ ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរង បានលើកឡើងពី ដើម្បីសម្រេចបានគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ ២០២១-២០៣០)។ ដោយផ្ដោតការយកចិត្តទុកដាក់របស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ ភាពធន់ ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្រប ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពជានិរន្តរ៍។ ឆ្លៀតនាឱកាសនោះលោកជំទាវ សង្ឃឹមថាវគ្គបណ្ដុះបណ្ដាលតម្រង់ទិសក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ ហើយក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលតម្រង់ទិសនេះហើយ លោកជំទាវអផិបាលរងខេត្ត ទទូចឲ្យក្រុមប្រឹក្សាឃុំសង្កាត់នៅតាមបណ្ដាស្រុក ត្រូវតែបំពេញតួនាទីភារកិច្ច ធ្វើយ៉ាងណាឲ្យការងារក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនមានការរីកចម្រើន និងមានភាពទំនាក់ទំនងគ្នារគ្រប់ពេលវេលា៕សម្រួលដោយ ទៀង បុណ្ណរី