ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ជប៉ុន JDS
ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាល និងរៀបចំពិធីអាហារសាមគ្គីជូនដំណើរជ័យលាភីអាហារូបករណ៍ JDS និងអាហារូបករណ៍ MEXT ក្នុងក្របខ័ណ្ឌអ្នកដឹកនាំវ័យក្មេង ឆ្នាំ២០២២-២០២៣ ដែលត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន។ការមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញជាអធិបតីតំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិស្សិតទទួលជ័យលាភីអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣១រូប នៅសណ្ឋា គារភ្នំពេញ នាល្ងាចថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២។ ពិធីនេះក៏មានការចូលរួមពីអតីតនិស្សិតសិក្សានៅប្រទេសជប៉ុន និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សរុបចំនួន ៨១រូប។ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរជ័យលាភីអាហារូបករណ៍ជប៉ុន JDS និងចាត់ទុក ជ័យលាភីទាំងអស់គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ឯកឧត្តម ហេង សួរ បានចាត់ទុកជ័យលាភីទាំងអស់គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយសារកត្តាសុខភាព គឺជាកត្តាសំខាន់បំផុត មុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ ។ ជាពិសេសក្នុងបរិបទកូវីដ-១៩នេះ និសិ្សតគប្បីយកចិត្តទុកដាក់រៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យ ធ្វើលំហាត់ប្រាណ និងលេងកីឡា ឱ្យបានជាប្រចាំ។ ឯកឧត្តមក៏បានជម្រាបជូននិស្សិតថា អាហាររូបករណ៍ដែលទទួលបាននាពេលនេះគឺកើតឡើងពីកត្តាសន្តិភាព ដែលកម្ពុជាកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីសិក្សាជំនាញសិក្សានៅឯសាលា និស្សិតក៏ត្រូវព្យាយាមក្រេបយកបទពិសោធន៍រស់នៅក្នុងប្រទេសជប៉ុន ព្រោះថា ប្រជាជនជប៉ុនមានវិន័យ និងការគោរពគ្នាបានយ៉ាងល្អ។ ជាមួយគ្នានោះដែរឯកឧត្តម ហេង សួរ ក៏បានក្រើនរម្លឹកដល់និស្សិតទាំងអស់ ធ្វើជា ទូតសុឆន្ទៈរបស់កម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀត ដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសនោះ។គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេង ដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបប្រមាណជិត ៥០០នាក់ ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍ JDS។ ក្នុងឆ្នាំ២០២២នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត ៕សម្រួលដោយ ទៀង បុណ្ណរី