ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង និងត្រៀមបង្ការផ្សេងៗ នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលខេត្តស្តីទី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះញែកដើម្បីត្រៀមកម្លាំងការពារទុកជាមុននូវគ្រោះ មហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងជាយថាហេតុ។ លោក ឈឹម កាន អភិបាលខេត្តស្តីទី បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីត្រៀមបង្ការ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង ដូច្នេះក្រុមការងារចុះត្រួតពិនិត្យពីស្ថានភាពទឹក និងការខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធ ដោយជំនន់ទឹកភ្លៀងនិងត្រៀមបង្ការនូវមធ្យោបាយនានាសម្រាប់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅមកបាន។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្នុងស្ថានភាពភ្លៀងធ្លាក់ ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ ស្ពាន នៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក តែមិនបណ្តាលឱ្យបាត់បង់ដល់អាយុជីវិត និងមិនមានការខូចខាតដល់លំនៅឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ។ លោក បន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត និងស្រុក ក៏បានដាក់កម្លាំងការពារត្រៀមទូកចំនួន ២គ្រឿង សម្រាប់ចម្លងប្រជាពលរដ្ឋ ធ្វើដំណើរទៅមក នៅឃុំណងឃីលឹក។ ម្យ៉ាងទៀត ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងអូរច្បារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ស្ថានភាពទឹកនេះផងដែរ។ តាមរបាយការណ៍របស់លោក ឌឹម នី អភិបាលស្រុកកោះញែក បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ ផ្ទួនៗ ចាប់ពីថ្ងៃទី០៥ ខែសីហារហូតដល់ថ្ងៃទី០៩ ខែសីហាឆ្នាំ២០២២ បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ជន់លិចហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាឃុំ ក្នុងស្រុកកោះញែក រួមមាន៖ ទី១ ឃុំណងឃីលឹក ស្រុតបាក់ក្បាលស្ពានអូរជីមាត ១កន្លែង ប្រវែង ២០ម៉ែត្រ និងលិចផ្លូវ ១កន្លែង ចំណុចក្បែរអូរជីមាត ផ្លូវទៅកោះម្យើលប្រវែង ១០០ម៉ែត្រ បច្ចុប្បន្នរដ្ឋបាលស្រុក បានដាក់ទូក ២គ្រឿង សម្រាប់ចម្លង ប្រជាពលរដ្ឋ ទី២ ឃុំរយ៉ លិចផ្លូវលំ ១កន្លែង ចំណុចស្ពានរវ៉ាក់ ផ្លូវទៅស្រែជ្រៃ ប្រវែង ៥០ម៉ែត្រ ទី៣ ឃុំសុខសាន្ត លិចផ្លូវលំ ១កន្លែងចំណុចសែនធំ ផ្លូវទៅស្រែថាស ប្រវែង ៥០ម៉ែត្រ ទី៤ ភូមិស្រែហ៊ុយ លិចផ្លូវលំ ១កន្លែងចំណុចថងប៉ាង ប្រវែង ៥០ម៉ែត្រ៕សម្រួលដោយ ទៀង បុណ្ណរី