ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវឱ្យពលករកម្ពុជា នៅថៃបន្តថែទាំសុខភាព ប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងចូលរួមគោរពច្បាប់

ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២-ដើម្បីទប់ស្កាត់ជំងឺឆ្លងរដ្ឋមន្ត្រីក្រសួងការងារបានអំពាវនាវដល់ពលករកម្ពុជាដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃបន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ។ ការអំពាវនាវនេះធ្វើឡើងនៅពេលឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃបានដឹកនាំគណៈប្រតិភូរបស់ក្រសួងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុង រោងចក្រCPF(Thailand)Public Company Limited ស្ថិតនៅក្នុងខេត្តនគរាជសីម៉ា ប្រទេសថៃកាលពី១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនពលករយើង ដែលបាននិងកំពុងធ្វើការនៅបរទេស។ ឯកឧត្តមអ៊ិត សំហេង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF ដែលបានផ្តល់ឱកាសការងារជូនដល់ពលករកម្ពុជា ឱ្យបានបម្រើការងារនៅក្រុមហ៊ុន ទទួលបានប្រាក់ឈ្នួល ការស្នាក់នៅ និងហូបចុកបានយ៉ាងសមរម្យ ថែមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរប ស់ពលករកម្ពុជា បានយ៉ាងល្អប្រសើរផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះបងប្អូនពលករខ្មែរ ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ជាការចូលរួមចំណែករកចំណូលជូនជាតិ ដែលបងប្អូនពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ដែលម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះរាប់រយដុល្លារអាម៉េរិក ដើម្បីផ្គត់ផ្គង់ជីវភាព ហើយបើគិត១ឆ្នាំ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ ប្រមាណរាប់សិបលានដុល្លារអាម៉េរិក ។ នៅពេលបងប្អូនយើងវិលត្រឡប់ទៅប្រទេសកំណើតវិញ នឹងមានចំណេះ និងជំនាញការងារមកអភិវឌ្ឍន៍ប្រទេសផងដែរ។ ឯកឧត្តម គូសបញ្ជាក់ថា« គណៈកម្មការបានបើកយុទ្ធនាការផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករ ដោយផ្ដល់លិខិតធ្វើដំណើរ TD និងចេញប័ណ្ណ OCWC និងឯកសារផ្សេងទៀតដែលធានាបាននូវភាពស្របច្បាប់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ជារួមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជានិច្ចកាលបានផ្ដល់នូវការគាំ ពារគ្រប់បែបយ៉ាង ជូនដល់បងប្អូនពលករ និងក្រុមគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់បំផុត ដែលក្នុងនោះក៏មានបងប្អូនពលករ និងក្រុមគ្រួសាររបស់បងប្អូន បានទៅចូលរួមបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ នេះសបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី បានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមក៏ បានអំពាវនាវ និងផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជា បន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ ចៀសវាងបង្កបញ្ហាផ្សេងៗ ដែលធ្វើឱ្យមានទោសទណ្ឌដល់ខ្លួន។ គួរបញ្ជាក់ជូនដែរថា រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ បានចាប់ដំណើរការអាជីវកម្មនៅប្រទេសថៃ តាំងពីឆ្នាំ១៩៩៦។ រោងចក្រ CPF ជារោងចក្រផលិតសាច់មាន់គ្រប់ប្រភេទ មានទាំងសាច់មាន់ស្រស់ ទាំងអាហារឆ្អិន សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស ។ បច្ចុប្បន្នក្រុមហ៊ុន CPF នៅខេត្តនគររាជសីមា មានពលករទាំងអស់សរុបចំនួន ៨ ៣៥២នាក់ ក្នុងនោះពលករកម្ពុជា មានចំនួន ២ ២៧៥នាក់ ស្រី ១ ០៩៧នាក់ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង