រដ្ឋមន្រ្តីការបរទេសអាស៊ានជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ចិន ឱ្យបានឆាប់រហ័ស
រដ្ឋមន្រ្តីការបទេសអាស៊ាន បានជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ចិន ឱ្យបានឆាប់រហ័ស ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់គ្នាទំាងនៅក្នុងតំបន់អាស៊ាន និងចិន។ ឯកឧត្តមគង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធបានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន បាន ជជែកគ្នា អំពីការជំរុញធ្វើយ៉ាងណាឱ្យមានសមាហរណកម្មសេដ្ឋកិច្ចរវាងអាស៊ានជាមួយនឹងចិនឱ្យរឹតតែស៊ីជម្រៅ ខណៈដែលអាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនហើយៗទើបតែបានចុះហត្ថលេខាកាលពីពេលកន្លងទៅ។ តាមរយៈនេះ ឯកឧត្តមបានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីអាស៊ានចិន បាន ជំរុញនូវការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះទៅមុខឱ្យបានឆាប់រហ័សដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់គ្នា ហើយក៏បានជជែកទៅលើ ការតភ្ជាប់គ្នារវាងប្រជាជននិងប្រជាជនតាមរយៈការផ្ដល់អាហារូបករណ៍ ការអប់រំក៏ដូចជាតាមរយៈសកម្មភាពវប្បធម៌ដទៃទៀតផងដែរ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងចិន គឺមានការអនុម័តទៅលើឧបសម្ព័ន្ធនៃផែនការសកម្មភាពអាស៊ាន ចិនឆ្នាំ២០២១ ២០២២ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ានចិនឱ្យកាន់តែស៊ីជម្រៅ តាមរយៈមានគម្រោងជាច្រើន ដែលបណ្ដាប្រទេសសមាជិកអាស៊ានបានធ្វើជាមួយនិងភាគីចិន ហើយក៏បានទទួលយកព័ត៌មានបន្ថែម ពាក់ព័ន្ធទៅនឹងគំនិតផ្ដួចផ្ដើមជាច្រើនទៀត ដែលភាគីចិន បានលើកមក ដូចជាគំនិតផ្ដួចផ្ដើមនៃការអភិវឌ្ឍន៍ ភាពជាសកលជាដើម ដែលទទួលបានការគាំទ្រពីខាងសមាជិករបស់អាស៊ាន។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានការ ពិភាក្សាទៅលើប្រធានបទ សំខាន់ៗមួយចំនួន ដូចជាសន្តិសុខស្បៀង សេដ្ឋកិច្ចឌីជីថល បញ្ហាថាមពល និងការផ្លាស់ប្តូរពីថាមពលដែលពឹងផ្អែកទៅលើធ្យូងថ្ម ទៅជាមានថាមពលបៃតង ឬជាថាមពលដែលស្អាត៕សម្រួលដោយ ទៀង បុណ្ណរី